ឥណ្ឌូណេស៉ី មានបំណងធ្វើជាមជ្ឈមណ្ឌលស្តុកប្រេងបម្រុងយុទ្ធសាស្រ្ត របស់ប្លុកអាស៊ាន

(ហ្សាការតា)៖ ឥណ្ឌូណេស៉ី បានលើកសំណើធ្វើជាប្រទេសស្តុកប្រេងបម្រុងយុទ្ធសាស្រ្ត ឱ្យសមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ (ASEAN) ខណៈដែលមេដឹកនាំអាស៊ាន បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសន្តិសុខថាមពល ចំពោះមុខវិបត្តិអូសបន្លាយដោយសារតែសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នាថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦។

លោក Bahlil Lahadalia រដ្ឋមន្រ្តីក្រសួងថាមពលឥណ្ឌូណេស៉ី បាននិយាយថា មិនទាន់មានកិច្ចព្រមព្រៀងណាមួយ ត្រូវបានសម្រេចទេ ជុំវិញទីតាំងស្តុកប្រេងបម្រុងយុទ្ធសាស្រ្តអាស៊ាន ប៉ុន្តែឥណ្ឌូណេស៉ី សង្ឃឹមថានឹងចាប់ដៃគូជាមួយសមាជិកប្លុកផ្សេងទៀត ដូចជាម៉ាឡេស៉ី ព្រុយណេ និងហ្វីលីពីន ដើម្បីជំរុញសំណើរបស់ខ្លួន។

ទីភ្នាក់ងារព័ត៌មានរដ្ឋឥណ្ឌូណេស៉ី Antara បានដកស្រង់សម្តីលោក Bahlil ដែលគូសបញ្ជាក់ថា «គំនិតនៃការបង្កើតមជ្ឈមណ្ឌលស្តុកប្រេងអាស៊ាន គឺជាគំនិតដ៏ល្អមួយ។ មជ្ឈមណ្ឌលស្តុកប្រេងក្នុងតំបន់ នឹងជួយផ្គត់ផ្គង់ប្រទេសអាស៊ាន អំឡុងពេលមានការរំខាន»។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានសប្តាហ៍មុន បណ្តាមេដឹកនាំអាស៊ានបានបំផុសគំនិតថ្មីៗ ដូចជាការបង្កើតឃ្លាំងស្តុកប្រេងឥន្ធនៈតំបន់ និងយន្តការប្រចាំសម្រាប់សន្តិសុខស្បៀង ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃការបិទច្រកសមុទ្រ Hormuz ក៏ដូចឧប្បត្តិហេតុស្រដៀងគ្នានាពេលអនាគត ដែលអាចប៉ះពាល់ចំពោះការផ្គត់ផ្គង់ប្រេង និងជីកសិកម្មសំខាន់ៗដល់តំបន់៕