
ខេត្តបន្ទាយមានជ័យ៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពកងទ័ព កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ លោក ឆុន វីរៈ ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យ រួមជាមួយថ្នាក់ដឹកនាំ និងក្រុមការងារសមាគម បានចុះជួបសំណេះសំណាល និងនាំយកអំណោយសប្បុរសធម៌ចែកជូនដល់បងប្អូនវីរកងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅតំបន់ជួរមុខ។

ក្នុងឱកាសនោះ លោក ឆុន វីរៈ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធានសមាគម និង លោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការ ដែលជានិច្ចកាល លោកទាំងពីរតែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់បំផុតចំពោះជីវភាពរស់នៅ ក៏ដូចជាសុខទុក្ខរបស់កងទ័ព និងប្រជាពលរដ្ឋកំពុងភៀសសឹកនៅគ្រប់កាលៈទេសៈ។ កាយវិការនេះមិនត្រឹមតែជាការផ្ដល់ជំនួយសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាការលើកទឹកចិត្តដល់ស្មារតីស្នេហាជាតិរបស់កងទ័ពជួរមុខ ដែលកំពុងបំពេញភារកិច្ចយ៉ាងក្លាហានដើម្បីបុព្វហេតុសន្តិភាព៕



































