រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញបើកព្រឹត្តិការណ៍បើករថយន្ដឆ្លងកាត់ព្រំដែន (Caravan Tour) មេគង្គ-ឡាងឆាង អបអរសាទរឆ្នាំទេសចរណ៍ កម្ពុជា-ចិន

(ភ្នំពេញ)៖លោកហួតហាក់រដ្ឋមន្ត្រីក្រសួងទេសចរណ៍នាព្រឹកថ្ងៃទី១៨ខែឧសភាឆ្នាំ២០២៦នេះបានបញ្ជើញជាអធិបតីបើជាផ្លូវការព្រឹត្តិការណ៍បើករថយន្ដឆ្លងកាត់ព្រំដែន (Caravan Tour) មេគង្គឡាងឆាងអបអរសាទរឆ្នាំទេសចរណ៍កម្ពុជាចិននិងជូនដំណើរក្បូនប្រតិភូ Caravan Tour ធ្វើណើរតាមផ្លូវគោកតាមរថយន្តឆ្លងកាត់ប្រទេសកម្ពុជាឡាវនិងខេត្តយូណាននៃសាធារណរដ្ឋប្រជាមានិតចិនដោយប្រើរយៈពេលជាង២០ថ្ងៃដើម្បីត្រឡប់មកដល់ប្រទេសកម្ពុជាវិញ។

បើតាមលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានបញ្ជាក់ឱ្យដឹងដែរថា ព្រឹត្តិការណ៍បើករថយន្ដឆ្លងកាត់ព្រំដែន (Caravan Tour) មេគង្គឡាងឆាងអបអរសាទរឆ្នាំទេសចរណ៍កម្ពុជាចិន ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៍ និងកិច​្ចសហប្រតិបត្តិការទេសចរណ៍ និងការតភ្ជាប់ផ្នែកសេដ្ឋកិច្ចរវាងកម្ពុជា ឡាវ ចិន និងដើម្បីផ្សព្វផ្សាយនូវយុទ្ធនាការណ៍ទស្សនាកម្ពុជា នៅរដូវកាលប៉ៃតង ២០២៦ ដែលបេសកកម្មនេះមានរយៈពេលពេល ២៣ថ្ង គិតចាប់ពីថ្ងៃទី១៨ ខែឧសភា ដល់ថ្ងៃទី០៩ មិថុនា ឆ្នាំ២០២៦។

ថ្លែងនាឱកាសនោះដែរលោកហួតហាក់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកវ៉ាងវិនពីនឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាលោកស្រីឆាយស៊ីវលីនប្រធានសមាគមទេសចរណ៍កម្ពុជានិងគ្រប់ភាគីពាក់ព័ន្ធដែលបាននិងកំពុងគាំទ្រសហការនិងចូលរួមយ៉ាងសកម្មជាមួយក្រសួងទេសចរណ៍ក្នុងការធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាមានការរីកលូតលាស់ជាលំដាប់។

លោករដ្ឋមន្ត្រីហួតហាក់បានបន្ថែមថារាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាក្រោមការដឹកនាំដ៏ប៉ិនប្រសប់និងឈ្លាសវៃប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានបន្តថែរក្សាយ៉ាងខ្ជាប់ខ្ជួននូវសុខសន្តិភាពនិងស្ថិរភាពនយោបាយដែលបានមកដោយលំបាកនិងបានចាត់ទុកវិស័យទេសចរណ៍ជា«ឆ្អឹងខ្នងសេដ្ឋកិច្ច»និងជា«ការ នាំចេញនៅនឹងកន្លែង»ដោយវិស័យនេះជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋានសហគមន៍ផ្ទាល់។

លោករដ្ឋមន្ត្រីក៏បានចាត់ទុកព្រឹត្តិការណ៍បើករថយន្តឆ្លងកាត់ព្រំដែនមេគង្គឡាងឆាងនេះនឹងជួយពង្រឹងការតភ្ជាប់និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ផ្សព្វផ្សាយនិងជំរុញការងើបឡើងវិញនៃវិស័យទេសចរណ៍លើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមកជាពិសេសបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើមឆ្នាំទេសចរណ៍កម្ពុជាចិន។ ព្រឹត្តិការណ៍នេះក៏នឹងជួយជំរុញដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ក្នុងការទាក់ទាញទេសចរអន្តរជាតិជាពិសេសជនជាតិចិនមកទស្សនាកម្ពុជាក្នុងរដូវកាលបៃតងក៏ដូចជាបង្កើនការផ្សព្វផ្សាយពីការលើកលែងទិដ្ឋាការសាកល្បងចូលកម្ពុជាដល់ជនជាតិចិនរយៈពេល៤ខែដោយគិតចាប់ពីថ្ងៃទី១៥ខែមិថុនាដល់ថ្ងៃទី១៥ខែតុលាឆ្នាំ២០២៦នេះផងដែរ។

លោករដ្ឋមន្ត្រីហួតហាក់ ក៏បានស្នើដល់លោក លោកស្រី ប្រតិភូ Caravan Tour ជួយផ្សព្វផ្សាយពីសុខសន្តិភាព សុវត្ថិភាព និងសក្តានុពលដ៏សំបូរបែបរបស់កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយឱ្យបានទូលំទូលាយ និងបានអំពាវនាវឱ្យបានចូលរួមទាំងអស់គ្នាក្នុងយុទ្ធនាការ៖ ពាក្យស្លោកដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន៖ «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍!» ពាក្យស្លោកដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី៖ «ទេសចរណ៍ រីកលូតលាស់ក្នុងសន្តិភាព!» និងពាក្យស្លោករបស់មហាគ្រួសារវិស័យទេសចរណ៍៖ «ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់!» ផងដែរ៕