
ខេត្តព្រះវិហារ ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋបាលខេត្តព្រះវិហារ បានចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះ។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមផ្ទាល់ពី ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ រួមជាមួយសមាជិករាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំរាជធានី-ខេត្តដទៃទៀត ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈយុទ្ធសាស្ត្រចំនួន ៣ ក្នុងគោលដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងកំណែទម្រង់រដ្ឋបាលស៊ីជម្រៅ។

របៀបវារៈសំខាន់ៗទាំង ៣ ដែលត្រូវបានលើកយកមកពិភាក្សានិងឆ្លងក្នុងកិច្ចប្រជុំពេញអង្គរួមមាន៖
ទី១. ការវាយតម្លៃលើការកែទម្រង់សេដ្ឋកិច្ច៖ ពិនិត្យនិងឆ្លងលើ សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់» ដែលត្រូវបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥ កន្លងទៅ ក្នុងបំណងកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។
ទី២. ការតាមដានយុទ្ធសាស្ត្រជាតិ៖ ពិនិត្យលើ សេចក្តីព្រាងរបាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ឆ្នាំ២០២៥ ដែលជាស្នូលនៃគោលនយោបាយអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី។

ទី៣. ការធ្វើទំនើបកម្មច្បាប់៖ ពិភាក្សាលើ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដើម្បីពង្រឹងការគ្រប់គ្រង ថែទាំ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។
ការចូលរួមរបស់ថ្នាក់ដឹកនាំខេត្តព្រះវិហារ ក្នុងកិច្ចប្រជុំថ្នាក់ជាតិនេះ បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ជាពិសេសក្នុងការផ្សារភ្ជាប់ផែនការអភិវឌ្ឍន៍ខេត្ត ទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់៕ ដោយ សួន ពិសិត






































