
(មូស្គូ)៖ កាលពីយប់ថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាឱ្យយោធារបស់លោករៀបចំជម្រើស ដើម្បីសងសឹកអ៊ុយក្រែន បន្ទាប់ពីលោកបានចោទទីក្រុងកៀវថា បានប្រើដ្រូនវាយប្រហារលើអគារស្នាក់នៅរបស់និស្សិត ដែលបានផ្តាច់ជីវិតមនុស្ស៦នាក់ និងបង្កឱ្យរបួសរាប់សិបនាក់ផ្សេងទៀត ខណៈ១៥នាក់បាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក ពូទីន បាននិយាយថា ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន បានត្រូវចំអគារនិស្សិតដែលស្ថិតនៅក្រុង Starobilsk ក្នុងផ្នែកនៃតំបន់ Luhansk ដែលស្ថិតក្រោមការត្រួតត្រារបស់រុស្ស៉ី នៅភាគខាងកើតអ៊ុយក្រែន។ លោកប្រធានាធិបតីរុស្ស៉ី បានបន្ថែមថា យោធាអ៊ុយក្រែនមុខជាបានដឹងច្បាស់អំពីអ្វីដែលពួកគេបានកំណត់គោលដៅដើម្បីវាយប្រហារ។
ដោយឡែក ខាងយោធាអ៊ុយក្រែនបានចេញមុខបដិសេធការចោទប្រកាន់របស់រុស្ស៉ី ហើយនិយាយថា ខ្លួនបានវាយប្រហារចំទីបញ្ជាការដ្រូនសំខាន់មួយរបស់រុស្ស៉ី នៅម្តុំនោះ។ ទីក្រុងកៀវបានអះអាងថា ខ្លួនធ្វើសកម្មភាពដោយស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ ទោះជាបែបនេះក្តី លោក ពូទីន បានអះអាងថា ពុំមានគោលដៅយោធាណាមួយ ស្ថិតនៅក្បែរទីតាំងអគារស្នាក់នៅរបស់និស្សិតដែលបានរងការវាយប្រហារនោះឡើយ។
គួរបញ្ជាក់ថា អំឡុងសង្រ្គាមជាង៤ឆ្នាំមកនេះ ភាគីទាំងសងខាងសុទ្ធតែបានបដិសេធរៀងៗខ្លួន ចំពោះការកំណត់គោលដៅវាយប្រហារលើជនស៉ីវិលដោយចេតនា។ អ៊ុយក្រែនមានបំណងចង់ដណ្តើមយកតំបន់ Luhansk ទាំងមូលមកវិញ ខណៈវាជាតំបន់មួយក្នុងតំបន់ទាំង៤ នៅភាគខាងកើតប្រទេស ដែលរុស្ស៉ីបានប្រកាសបញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួន កាលពីឆ្នាំ២០២២ ក្នុងសកម្មភាពដែលទីក្រុងកៀវថ្កោលទោសថា ជាការដណ្តើមកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ៕































