រុស្ស៊ី និងកាហ្សាក់ស្ថាន ត្រៀមចុះកិច្ចព្រមព្រៀងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ក្នុងដំណើរទស្សនកិច្ចរបស់លោក ពូទីន

(ម៉ូស្គូ)៖ វិមានក្រឹមឡាំង នៅថ្ងៃអង្គារ បានប្រកាសថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរថ្មីមួយ នៅក្នុងប្រទេសកាហ្សាក់ស្ថាន ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសនេះនៅសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាហ្សាក់ស្ថាន ដែលជាប្រទេសសម្បូរដោយប្រេង និងហ្គាស មិនមានរោងចក្រថាមពលនុយក្លេអ៊ែរសម្រាប់ផលិតអគ្គិសនីនោះទេ ចាប់តាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ។ កាលពីឆ្នាំ២០២៤ ប្រជាពលរដ្ឋកាហ្សាក់ស្ថានបានបោះឆ្នោតគាំទ្រការសាងសង់រោងចក្រថ្មី ដោយប្រទេសនេះមានផែនការផលិតថាមពលនុយក្លេអ៊ែរឱ្យបាន ២.៤ជីហ្គាវ៉ាត់ (Gigawatts) នៅត្រឹមឆ្នាំ២០៣៥។ ជំនួយការវិមានក្រឹមឡាំង លោក យូរី អ៊ូសាកូវ (Yury Ushakov) បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងផ្តោតលើការរៀបចំរចនាសម្ព័ន្ធសាងសង់ និងការផ្តល់ហិរញ្ញប្បទាន ដែលរុស្ស៊ីនឹងផ្តល់ប្រាក់កម្ចីរហូតដល់ ៨៥ភាគរយនៃការចំណាយសរុប។ រោងចក្រនេះត្រូវបានរំពឹងថានឹងដាក់ឱ្យដំណើរការនៅចន្លោះឆ្នាំ ២០៣៥ និង ២០៣៦។

បន្ថែមពីលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ លោក ពូទីន ក៏នឹងពិភាក្សាអំពីការបង្កើនការដឹកជញ្ជូនប្រេងរបស់រុស្ស៊ីទៅកាន់ប្រទេសចិន ឆ្លងកាត់ប្រទេសកាហ្សាក់ស្ថានផងដែរ។ កាលពីឆ្នាំមុន រុស្ស៊ីធ្លាប់បានយល់ព្រមបង្កើនការនាំចេញប្រេងទៅចិនតាមរយៈបំពង់ Atasu-Alashankou ឱ្យបានដល់ ១២.៥លានតោនក្នុងមួយឆ្នាំ ប៉ុន្តែការអនុវត្តជាក់ស្តែងមិនទាន់លេចចេញជារូបរាងនៅឡើយទេ។