យោធាចិន ប្រកាសថាបានបណ្តេញនាវាចម្បាំងហូឡង់១គ្រឿង នៅសមុទ្រចិនខាងត្បូង

(ប៉េកាំង)៖ យោធានៃប្រទេសចិនបានឱ្យដឹងថា ខ្លួនបានចល័តកងកម្លាំងជើងទឹកនិងជើងអាកាស ទៅបណ្តេញនាវាចម្បាំង១គ្រឿង​របស់ប្រទេសហូឡង់ ដែលត្រូវបានចោទថា ទន្ទ្រានចូលដោយខុសច្បាប់មកក្នុងទីប្រជុំកោះ Paracel ដែលជាទីមានបញ្ហាវិវាទ នៅសមុទ្រចិនខាងត្បូង កាលពីថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អ្នកនាំពាក្យទីបញ្ជាការភូមិភាគខាងត្បូងរបស់យោធាចិន លោក Zhai Shichen បានអះអាងទៀតថា នាវាចម្បាំងហូឡង់នោះ ថែមទាំងបានបញ្ជូនឧទ្ធម្ភាគចក្រម្តងហើយម្តងទៀត ទន្ទ្រានចូលមកក្នុងដែនអាកាសរបស់ប្រទេសចិន។ លោក Zhai បានបន្ថែមថា ប្រទេសចិនប្រឆាំងយ៉ាងមុតមាំ​ចំពោះទង្វើទាំងនេះ ហើយទទូចឱ្យភាគីហូឡង់បញ្ឈប់ជាបន្ទាន់ នូវសកម្មភាពបង្កហេតុនិងរំលោភបំពាននានា។ លោកបានសង្កត់ធ្ងន់ថា យោធាចិនដាច់ខាតនឹងរក្សាការពារអធិបតេយ្យ ក៏ដូចជាសន្តិសុខជាតិរបស់ខ្លួន។

ដោយឡែក ខាងហូឡង់បានចេញសេចក្តីថ្លែងការណ៍ថា នាវាចម្បាំង HNLMS De Ruyter បានធ្វើដំណើរកាត់សមុទ្រចិនខាងត្បូង សម្រាប់ហេតុផលការទូត សន្តិសុខ និងសេដ្ឋកិច្ច ហើយការធ្វើប្រតិបត្តិការបានប្រព្រឹត្តទៅ ដោយស្របតាមច្បាប់អន្តរជាតិ។

គួរបញ្ជាក់ថា ការអះអាងខាងលើរបស់ចិន គឺជាការប្រឈមមុខជាសាធារណៈខុសប្លែកពីធម្មតាមួយ ជាមួយប្រទេសហូឡង់ នៅតំបន់សមុទ្រចិនខាងត្បូង។ សមុទ្រធំមួយនេះ ត្រូវបានចិនទាមទារសិទ្ធិគ្រប់គ្រងស្ទើរតែទាំងស្រុង ក្នុងនោះរួមមានទាំងផ្នែក ដែលត្រូវបានទាមទារដោយប្រទេសដទៃទៀត រួមមានព្រុយណេ ឥណ្ឌូណេស៉ី ម៉ាឡេស៉ី ហ្វីលីពីន និងវៀតណាម៕