រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រកចំណូលបានជាង៩០លានដុល្លារ ក្នុងឆ្នាំ២០២៥ និងសម្រេចបែងចែកភាគលាភ​ ​ប្រមាណជាង៧លានដុល្លារជូនភាគហ៊ុនិក

(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលជាអង្គភាពរដ្ឋចុះបញ្ជីក្នុងផ្សារមូលបត្រ បានរៀបចំមហាសន្និបាតភាគហ៊ុនិកលើកទី១៤ ដើម្បីអនុម័តបែងចែកភាគលាភឆ្នាំ២០២៥ជូនភាគហ៊ុនិក ដោយបានសម្រេចបែងចែកភាគលាភចំនួនជាង២៨ពាន់លានរៀល ឬប្រមាណជាង៧លានដុល្លារជូនភាគហ៊ុនិក។

មហាសន្និបាតភាគហ៊ុនិកលើ​កទី១៤ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានរៀបចំឡើងនាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅស្នាក់ការ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងតាមប្រព័ន្ធអនឡាញ ZOOM ក្រោមអធិបតីភាព លោក ឯក សុនចាន់ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដោយមានការចូលរួមពី ជាថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ថ្នាក់ដឹកនាំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, សមាជិកក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំ មន្ត្រី-និយោជិតរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ, ភាគហ៊ុនិក និង ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ។

បើតាម លោក ឯក សុនចាន់ ក្នុងឆ្នាំ២០២៥ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរកចំណូលបានប្រមាណ ៣៧៣ពាន់លានរៀល ឬស្មើនឹងប្រមាណជាង៩០លានដុល្លារ​ ពីការលក់ទឹកស្អាតប្រមាណជាង២៣១​ម៉ែត្រគូប​ដល់អតិថិជន និងទទួលបានប្រាក់ចំណេញ ប្រមាណជាង៩៤ពាន់លានរៀល ឬប្រមាណជាង២៣លានដុល្លារ។​

​មហាសន្និបាតភាគហ៊ុនិក បានសម្រេចអនុម័តបែងចែកភាគលាភឆ្នាំ២០២៥ ជាសាច់ប្រាក់ចំនួនជាង២៨ពាន់លានរៀលឬ​ប្រមាណជាង៧លានដុល្លារជូនភាគហ៊ុនិក ជូនភាគហ៊ុនិកដែលមានឈ្មោះក្នុងបញ្ជីភាគហ៊ុនិក នាកាលបរិច្ឆេទកំណត់ទុកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ក្នុងនោះទឹកប្រាក់ចំនួន៤.៣០៥.១៧១.៧៥០រៀល(ប្រមាណជាង១លានដុល្លារ) ជាភាគលាភដែលត្រូវបែងចែកជូនភាគហ៊ុនិក ឯកជន និងទឹកប្រាក់ចំនួន២៤.៣៩៥.៩៧១.៧១០រៀល(ប្រមាណជាង៦លានដុល្លារ) ជាភាគលាភរបស់រដ្ឋដែលតំណាងដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយសំឡេងឆ្នោតគាំទ្រចំនួន៧៥.៤៩៨.៥២៧សំឡេង ស្មើនឹង៩៩,៩៣% នៃចំនួនភាគហ៊ុនដែលមានវត្តមានសរុប។ ភាគលាភនេះនឹងត្រូវចែកជូនភាគហ៊ុនិក ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងទឹកប្រាក់ចំនួន ៣៣០រៀល/ភាគហ៊ុន។

ទន្ទឹមគ្នានេះមហាសន្និបាតភាគហ៊ុនិក បានអនុម័តលាភការរបស់សមាជិកក្រុមប្រឹក្សាភិបាលចំនួន៧រូប និងមន្ត្រីត្រួតពិនិត្យរដ្ឋអម រ.ទ.ស.ភ ចំនួន១រូប សម្រាប់ឆ្នាំ២០២៦ ដែលមានទឹកប្រាក់សរុបចំនួន១.១០៧.៩៧៩.១៥២រៀល ដោយ សំឡេងឆ្នោតគាំទ្រចំនួន៧៥.៤៧៤.៦៦៩សំឡេង ស្មើនឹង៩៩,៩០% នៃចំនួនភាគហ៊ុនដែលមានវត្តមានសរុប។

លោក ឯក សុនចាន់ បានគូសបញ្ជាក់ថា លទ្ធផលខាងលើនេះឆ្លុះបញ្ចាំងឱ្យឃើញថា ភាគហ៊ុនិកទាំងអស់នៅតែបន្តឆន្ទៈគាំទ្រ និងផ្តល់ទំនុកចិត្ត យ៉ាងមុតមាំ មកលើដំណើរការធុរកិច្ចរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏ដូចជាប្រសិទ្ធភាពនៃការដឹកនាំ គ្រប់គ្រង និងចាត់ចែងអង្គភាពផងដែរ។

លោកមានប្រសាសន៍ថា «ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់ភាគហ៊ុនិក តាងនាមឱ្យថ្នាក់ដឹកនាំ និងនិយោជិតទាំងអស់នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ខ្ញុំសូមប្ដេជ្ញាបន្តធ្វើឱ្យប្រសើរឡើងក្នុងការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព និរន្តរភាព សុវត្ថិភាព និងរក្សាបានថ្លៃសមរម្យ។ ជាមួយគ្នានេះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងបន្តធានាឱ្យបាននូវចីរភាពហិរញ្ញវត្ថុរបស់ស្ថាប័ន តាមរយៈការបង្កើនប្រសិទ្ធភាព ប្រសិទ្ធផលលើគ្រប់វិស័យ, ព្រមទាំងអនុវត្តការគ្រប់គ្រង និងធ្វើវិចារណកម្មចំណាយជាជំហានៗ ឱ្យកាន់តែមានភាពសមស្រប និងប្រសិទ្ធភាពខ្ពស់។ បន្ថែមពីលើនេះ យើងនឹងខិតខំបង្កើនប្រភពចំណូលស្របច្បាប់គ្រប់មធ្យោបាយ តាមដែលអាចធ្វើទៅបាន ដើម្បីពង្រឹងស្ថិរភាពហិរញ្ញវត្ថុរបស់ស្ថាប័នឱ្យកាន់តែរឹងមាំ»