ឯកឧត្តម សរ សុពុត្រា ជម្រុញការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជនបទ និងសិក្សាគម្រោងសាងសង់កំពង់ដរ-ផ្សារសហគមន៍ទេសចរណ៍ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ

ខេត្តស្ទឹងត្រែង៖ ដើម្បីឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជម្រុញការអភិវឌ្ឍន៍នៅតាមបណ្តាខេត្តជាប់ព្រំដែន និងតំបន់ដាច់ស្រយាល ឱ្យមានការរីកចម្រើនជាលំដាប់នោះ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធ បន្តចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងភូមិសាស្ត្រស្រុកសៀមបូក។


សកម្មភាពចុះជម្រុញ និងតាមដានការងារអភិវឌ្ឍន៍ជាប្រចាំនេះ គឺជាសក្ខីកម្មមួយបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្តោតលើ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានជនបទ។
សម្រេចបាន ១០០% លើគម្រោងផ្លូវកៅស៊ូ និងបេតុងជាង ១៥ គីឡូម៉ែត្រ គម្រោង (SAAMBAT)
នៅក្នុងបេសកកម្មចុះពិនិត្យនោះ ឯកឧត្តមអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃ គម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ដែលមកទល់ពេលនេះ ការស្ថាបនាផ្លូវកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង ដែលមានប្រវែងសរុប ១៥,៧៥ គីឡូម៉ែត្រ ត្រូវបានបញ្ចប់រួចរាល់ជាស្ថាពរ (សម្រេចបាន ១០០%)។

ខ្សែផ្លូវដ៏មានសារៈសំខាន់នេះ បានឆ្លងកាត់ឃុំចំនួន៣ ក្នុងស្រុកសៀមបូក រួមមាន៖ ឃុំកោះសំពាយ ឃុំស្រែក្រសាំង និងឃុំអូរម្រះ។ សមិទ្ធផលផ្លូវគមនាគមន៍ដ៏ថ្មីស្រឡាងនេះ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ឱ្យបានងាយស្រួល សុវត្ថិភាព និងចំណេញ ពេល វេលាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ ក្នុងការតភ្ជាប់តំបន់ផលិតកម្មកសិកម្មទៅកាន់ទីផ្សារ ជម្រុញពាណិជ្ជូបនីយកម្មកសិកម្ម និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់កសិករក្នុងតំបន់ឱ្យកាន់តែមានដង្ហើម និងមានភាពរស់រវើកឡើង។

សិក្សាគម្រោងសាងសង់កំពង់ដរ និងផ្សារសហគមន៍ទេសចរណ៍អន្លង់ផ្សោតត្បូងខ្លា
ទន្ទឹមនឹងការអភិវឌ្ឍន៍ផ្លូវថ្នល់ ឯកឧត្តម សរ សុពុត្រា ក៏បានបន្តដឹកនាំក្រុមការងារចុះសិក្សាផ្ទាល់លើគម្រោងរៀបចំសាងសង់ កំពង់ដរ និងផ្សារសហគមន៍ទេសចរណ៍អន្លង់ផ្សោតត្បូងខ្លា ដែលមានទីតាំងស្ថិតនៅក្នុងឃុំអូរម្រះ ស្រុកសៀមបូក។
គម្រោងផ្តួចផ្តើមថ្មីនេះ ធ្វើឡើងក្នុងគោលបំណងយុទ្ធសាស្ត្រធំៗរួមមាន៖

ការលើកកម្ពស់ជីវភាពរស់នៅ ,បង្កើតឱកាសការងារ និង ប្រភពចំណូលបន្ថែមជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសសហគមន៍នេសាទ និងក្រុមឆ្មាំទន្លេ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការការពារធនធានជលផល និងសត្វផ្សោតទន្លេមេគង្គ។ ជម្រុញវិស័យទេសចរណ៍បៃតង រៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់វិស័យទេសចរណ៍ឲ្យបានសមរម្យ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្ត និងទស្សនាសត្វផ្សោតមេគង្គ ដែលជាទ្រព្យសម្បត្តិធម្មជាតិដ៏កម្រ។ ការបង្កើតទីផ្សារសហគមន៍ បង្កើតកន្លែងដោះដូរ និងលក់ដូរផលិតផលមូលដ្ឋាន ត្រីសាច់ បន្លែបង្កងធម្មជាតិ ដែលជាការជម្រុញចរន្តសេដ្ឋកិច្ចផ្ទាល់ក្នុងសហគមន៍។ តាមរយៈសមិទ្ធផលដែលសម្រេចបាន និងគម្រោងអភិវឌ្ឍន៍ជាបន្តបន្ទាប់ទាំងនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ថា ក្រោមម្លប់នៃសុខសន្តិភាព និងការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ខេត្តស្ទឹងត្រែងកំពុងតែបោះជំហានទៅមុខយ៉ាងរឹងមាំ លើផ្លូវអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់នៅដាច់ស្រយាលពីផល្លែផលនៃការអភិវឌ្ឍន៍នោះឡើយ៕ អត្ថបទដោយ លោក ស្រី
ទៀង ឆវីវត្តី