ស្នងការនគរបាលខេត្តព្រះវិហារ ចូលរួមកិច្ចប្រជុំប្រចាំខែ តាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា( អនឡាន ស្កេម)

ខេត្តព្រះវិហារ៖ ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (អនឡាញ ស្កេម) តាមរយៈប្រព័ន្ធកម្មវិធី ZOOM នៅសាលាខេត្តព្រះវិហារ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមកពីស្ថាប័ននានា ដើម្បីពិនិត្យ វាយតម្លៃ និងជំរុញការអនុវត្តវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងកិច្ចប្រជុំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំដល់អង្គភាព និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ឱ្យបន្តពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធ បង្កើនការត្រួតពិនិត្យ ស្រាវជ្រាវ និងបង្ក្រាបរាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ


ជាមួយគ្នានេះ ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក្នុងការអនុវត្តតាមផែនការ និងបទបញ្ជារបស់ថ្នាក់ដឹកនាំ ដោយបន្តពង្រឹងវិធានការបង្ការ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគ្រប់រូបភាព សំដៅរក្សាសន្តិសុខ សុវត្ថិភាព និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ។

កិច្ចប្រជុំនេះ គឺជាផ្នែកមួយនៃការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា និងបទល្មើសឆបោកតាមអនឡាញ ដែលកំពុងមាននិន្នាការកើនឡើង និងមានលក្ខណៈស្មុគស្មាញនាពេលបច្ចុប្បន្ន៕ដោយ សួនពិ សិត