លោក JD Vance ប្រាប់មន្ត្រីអ៉ីស្រាអែលដែលរិះគន់កិច្ចព្រមព្រៀងអ៉ីរ៉ង់៖ លោក ត្រាំ ជាសម្ព័ន្ធមិត្តតែមួយគត់របស់អ្នក

(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានរិះគន់បកទៅនឹងការរិះគន់របស់អ៉ីស្រាអែល ចំពោះកិច្ចព្រមព្រៀងអ៉ីរ៉ង់ ដោយនិយាយថាលោកប្រធានាធិបតី ដូណាល់ ត្រាំ គឺជាសម្ព័ន្ធមិត្តតែមួយគត់របស់អ៉ីស្រាអែលដែលទទួលបានជំនួយយោធាពីសហរដ្ឋអាមេរិករាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការកត់សម្គាល់របស់លោក JD Vance ធ្វើឡើងក្នុងគ្រាដែលរដ្ឋបាលលោក ត្រាំ ការពារកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់ និងជាការឆ្លើយតបទៅនឹងការសាកសួរអំពីសេចក្ដីរាយការណ៍ថានាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ខឹងសម្បារចំពោះកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់។

លោក JD Vance បាននិយាយថាលោកមិនបានស្ដាប់ឮការរិះគន់ផ្ទាល់ចេញពីមាត់លោក Netanyahu ប៉ុន្តែលោកបានរិះគន់មន្ត្រីមួយចំនួនក្នុងជួរគណៈរដ្ឋមន្ត្រីអ៉ីស្រាអែលដែលលោកនិយាយថាបានវាយប្រហារពាក្យសម្ដីលើកិច្ចព្រមព្រៀង និងលោក ត្រាំ។ «ជាសាររបស់ខ្ញុំទៅកាន់ពួកគេ នោះគឺលោក ត្រាំ ជាប្រមុខរដ្ឋតែមួយគត់នៅលើពិភពលោកដែលមានសមានចិត្តទៅនឹងប្រជាជាតិអ៉ីស្រាអែលក្នុងកាលៈទេសៈសព្វថ្ងៃ»។ នេះជាការគូសបញ្ជាក់របស់លោក JD Vance ដោយបន្ថែមថាប្រសិនបើខ្ញុំជាសមាជិកក្នុងគណៈរដ្ឋមន្ត្រីអ៉ីស្រាអែល ខ្ញុំនឹងមិនរិះគន់ ឬប្រឈមមុខជាមួយសម្ព័ន្ធមិត្តមួយមានអំណាចដ៏ខ្លាំងក្លាមួយ ដែលឈរនៅខាងអ៉ីស្រាអែលនោះទេ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានផ្ដល់ជំនួយយោធាឱ្យអ៉ីស្រាអែលជិត ៤ពាន់លានដុល្លារក្នុងមួយឆ្នាំ ហើយក៏តែងតែប្រើសិទ្ធិអំណាចវេតូរបស់ខ្លួននៅ អង្គការសហប្រជាជាតិដើម្បីការពារអ៉ីស្រាអែលពីការរិះគន់ ឬថ្កោលទោសទាំងឡាយផងដែរ៕