(UN)៖ ប្រមុខនៃទីភ្នាក់ងារផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិ (UN) លោក Tom Fletcher បាននិយាយថាប្រជាជនប៉ាឡេស្ទីន ដែលកំពុងរស់នៅក្នុង តំបន់ហ្កាហ្សា ត្រូវតែទទួលបានត្រឡប់ទៅវិញនូវសេចក្ដីថ្លៃថ្នួររបស់ពួកគេ មិនមែនគ្រាន់ត្រឹមតែមានជីវិតរស់នៅប៉ុណ្ណោះទេ ខណៈរូបលោករិះគន់អ៉ីស្រាអែល សម្រាប់ការបង្កឧបសគ្គរំខានដល់ការផ្ដល់ជំនួយមនុស្សធម៌។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក Tom Fletcher បានទទួលស្គាល់ថាលំហូរជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្កាហ្សា ពិតជាមាន ភាពល្អប្រសើរពិតមែនចាប់តាំងពីមានបទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហាម៉ាសចូលជាធរមាកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥មក។ ប៉ុន្តែ លោកបានកត់សម្គាល់ឃើញថាទោះជាមានភាពល្អប្រសើរក៏ពិតមែន ក៏ជំនួយទាំងនោះគ្រាន់តែជាកម្រិតអប្បបរមានៃអ្វីដែលប្រជាជនប៉ាឡេស្ទីនត្រូវការ និងអ្វីដែល គេអាចផ្ដល់ឱ្យ ហើយច្បាប់អន្តរជាតិទាមទារតែប៉ុណ្ណោះ។
លោក Tom Fletcher បានបន្ថែមថាការធ្វើឱ្យស្នូរគ្រាប់កាំភ្លើងស្ងប់ស្ងាត់គឺមិនទាន់គ្រប់គ្រាន់ទេ ហើយគេចាំបាច់ត្រូវតែស្ដារឡើងវិញនូវភាពថ្លៃថ្នូរសម្រាប់ ប្រជាជនប៉ាឡេស្ទីនផងដែរ។ ដោយឡែក លោកស្រី Bushra Khalidi ជាមន្ត្រីកិច្ចការមនុស្សធម៌ម្នាក់មកពីអង្គការ Oxfam ដែលត្រូវបានអញ្ជើញឱ្យ ថ្លែងសុន្ទរកថានៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែរនោះក៏បានអំពាវនាវឱ្យផងដែរឱ្យរដ្ឋជាសមាជិកទាំងអស់ធ្វើសកម្មភាពជាក់ស្ដែងជាមួយ ភាពបន្ទាន់ ភាពក្លាហាន និងភាពជាមនុស្សជាតិ៕
































