
(ខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៦ រដ្ឋបាលស្រុកតាំងគោក បានសហការរៀបចំកម្មវិធីពិនិត្យ និងព្យាបាលសុខភាពដោយឥតគិតថ្លៃជូនដល់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពផ្ទាល់របស់ លោក ហាក់ ម៉ងហួត អភិបាលនៃគណៈអភិបាលស្រុកតាំងគោក ព្រមទាំងមានការចូលរួមយ៉ាងសកម្មពីសំណាក់ក្រុមគ្រូពេទ្យជំនាញ និងអាជ្ញាធរដែនដី។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនាពេលនេះ ធ្វើឡើងក្រោមការសម្របសម្រួលរវាងរដ្ឋបាលស្រុក និងកញ្ញា ឌីង អេស្ទ័រ (ម្ចាស់ផ្ទះស្នាក់ Home Stay) ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រុមគ្រូពេទ្យ មុនឌុន មកពីប្រទេសម៉ាឡេស៊ី និង ក្រុមគ្រូពេទ្យនៃការិយាល័យស្រុកប្រតិបត្តិបារាយណ៍-សន្ទុក។ ជាមួយគ្នានោះដែរ ក៏មានការចូលរួមឧបត្ថម្ភថ្នាំពេទ្យ និងសម្ភារវេជ្ជសាស្ត្រមួយចំនួនពីសំណាក់សប្បុរសជន ដែលមានមន្ទីរសម្រាកព្យាបាលនានាក្នុងមូលដ្ឋានស្រុកតាំងគោកផងដែរតាមរយៈរដ្ឋបាលស្រុកតាំងគោក ។
នៅក្នុងឱកាសដ៏មានអត្ថន័យនេះ លោក ហាក់ ម៉ុងហួត បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខយ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុតពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ ជាពិសេស សម្តេចអគ្គមហាសេនាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួម។
ជាមួយគ្នានេះ លោកអភិបាលស្រុក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កញ្ញា ឌីងអេស្ទ័រ ដែលជានិច្ចកាលតែងតែចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលស្រុកក្នុងកិច្ចការមនុស្សធម៌ ជាពិសេសលើវិស័យអប់រំ តាមរយៈការកៀរគរសប្បុរសជនដើម្បីសាងសង់អគារសិក្សា អគារបណ្ណាល័យ បន្ទប់ទឹក និងអណ្ដូងទឹកជាដើម។ លោកបានសម្តែងនូវក្តីរំភើប និងកោតសរសើរចំពោះទឹកចិត្តមនុស្សធម៌របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តម៉ាឡេស៊ី និងក្រុមគ្រូពេទ្យក្នុងស្រុក ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្ត មកចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាព និងបំពេញបន្ថែមលើវិស័យសុខាភិបាលជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
បន្ថែមពីលើនេះ លោកបានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋដែលមានប័ណ្ណក្រីក្រ ក្នុងការទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងការយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យជំនាញ។ ទន្ទឹមនឹងសកម្មភាពពិនិត្យព្យាបាលជំងឺនេះ លោក ហាក់ ម៉ងហួត ក៏បានជម្រាប និងបញ្ជាក់ជូនប្រជាពលរដ្ឋអំពី ស្ថានការណ៍បច្ចុប្បន្ន រួមមាន៖ ស្ថានភាពព្រំដែន៖ ការធានាសន្តិសុខ និងស្ថិរភាពតាមបណ្តោយព្រំដែន។ បញ្ហាសេដ្ឋកិច្ច និងទំនិញ៖ ការប្រែប្រួល និងការឡើងថ្លៃនៃទំនិញមួយចំនួននៅលើទីផ្សារ ដែលជាផលប៉ះពាល់កើតចេញពីវិបត្តិសេដ្ឋកិច្ចសកល និងសង្គ្រាមនៅតាមបណ្តាប្រទេសមួយចំនួនលើពិភពលោក។
ជាទីបញ្ចប់ លោកអភិបាលស្រុកបានធ្វើការផ្តាំផ្ញើ និងក្រើនរំលឹកដោយក្តីបារម្ភដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាសុខភាព ដោយត្រូវប្រកាន់ខ្ជាប់នូវអនាម័យក្នុងការរស់នៅជាប្រចាំ និងត្រូវមានការប្រុងប្រយ័ត្នជាពិសេសចំពោះកុមារតូចៗ ស្របពេលដែលបច្ចុប្បន្នកំពុងមានការរីករាលដាលនៃជំងឺផ្តាសាយ និងជំងឺគ្រុនឈាមនៅក្នុងមូលដ្ឋាន៕













































