តុលាការអាមេរិក អនុញ្ញាតឱ្យរដ្ឋអូហៃយ៉ូ រឹតបន្តឹងការប្រើប្រាស់បណ្តាញសង្គមចំពោះកុមារក្រោម ១៦ឆ្នាំ

(វ៉ាស៊ីនតោន)៖ តុលាការឧទ្ធរណ៍សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសគាំទ្ររដ្ឋអូហៃយ៉ូ (Ohio) អាចបន្តអនុវត្តច្បាប់ថ្មីមួយ ដែលតម្រូវឱ្យក្រុមហ៊ុនបណ្តាញសង្គមយក្សនានារួមមាន Instagram, TikTok និង YouTube ត្រូវសុំការអនុញ្ញាតពីមាតាបិតាជាមុនសិន មុននឹងអនុញ្ញាតឱ្យកុមារដែលមានអាយុក្រោម ១៦ឆ្នាំ អាចចូលប្រើប្រាស់ប្រព័ន្ធរបស់ពួកគេបាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។

សេចក្តីសម្រេចក្នុងសំឡេង ២ទល់នឹង១ ពីគណៈវិនិច្ឆ័យនៃតុលាការឧទ្ធរណ៍សហព័ន្ធតំបន់ទី៦ ដែលមានមូលដ្ឋាននៅទីក្រុងស៊ីនស៊ីណាទី បានធ្វើការលុបចោលសេចក្តីសម្រេចរបស់តុលាការជាន់ទាប ដែលធ្លាប់បានផ្អាកការអនុវត្តច្បាប់នេះជាបណ្តោះអាសន្ន តាមបណ្តឹងរបស់ក្រុមពាណិជ្ជកម្មបច្ចេកវិទ្យា NetChoice។ តុលាការឧទ្ធរណ៍បានរកឃើញថា ច្បាប់ស្តីពី «ការជូនដំណឹងដល់មាតាបិតាអំពីប្រព័ន្ធផ្សព្វផ្សាយសង្គម» ឬ (Social Media Parental Notification Act) នេះ មិនបានរំលោភលើកិច្ចការពារសេរីភាពនៃការបញ្ចេញមតិ ក្រោមវិសោធនកម្មទីមួយនៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកនោះឡើយ។

ចៅក្រមតុលាការឧទ្ធរណ៍ លោក Eric Clay បានគូសបញ្ជាក់នៅក្នុងការសម្រេចនោះថា បើទោះបីជាច្បាប់នេះអាចបង្កើតជាបន្ទុកខ្លះដល់ក្រុមហ៊ុនបច្ចេកវិទ្យា និងកម្រិតលើរបៀបចែកចាយមាតិការបស់ពួកគេក៏ដោយ ប៉ុន្តែវាត្រូវបានបង្កើតឡើងក្នុងគោលបំណងច្បាស់លាស់ និងចំគោលដៅ ដើម្បីឆ្លើយតបទៅនឹងកង្វល់ដ៏សំខាន់របស់រដ្ឋអូហៃយ៉ូ ក្នុងការការពារកុមារពីគ្រោះថ្នាក់ និងការយល់ព្រមលើលក្ខខណ្ឌផ្សេងៗដោយគ្មានការត្រួតពិនិត្យពីអាណាព្យាបាល។ ងាកមកក្រុម NetChoice ដែលជាតំណាងឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗ រួមមាន Meta, Alphabet និង TikTok បានបង្ហាញការខកចិត្តជាខ្លាំង។ ក្រុមនេះបានប្រកែកថា ច្បាប់នេះមានភាពស្រពិចស្រពិល និងរំលោភលើឯកជនភាពលើប្រព័ន្ធអ៊ីនធឺណិត ក៏ដូចជាសិទ្ធិរដ្ឋធម្មនុញ្ញរបស់ប្រជាពលរដ្ឋនៅក្នុងរដ្ឋអូហៃយ៉ូ។ ពួកគេបានអះអាងបន្ថែមថា ពួកគេនៅតែមានជំនឿចិត្តយ៉ាងមុតមាំថា ច្បាប់ដែលពួកគេចាត់ទុកថាផ្ទុយនឹងរដ្ឋធម្មនុញ្ញមួយនេះ នឹងត្រូវប្រកាសទុកជាមោឃៈជាអចិន្ត្រៃយ៍នៅពេលក្រោយ៕