តៃវ៉ាន់ចាប់ផ្តើមសមយុទ្ធយោធារយៈពេល៥ថ្ងៃ ដែលផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ

(តៃប៉ិ)៖ ក្រសួងការពារជាតិកោះតៃវ៉ាន់ បានប្រកាសពីការចាប់ផ្តើមសមយុទ្ធយោធាមួយ នាថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ ដែលមានរយៈពេល​សរុប៥ថ្ងៃ និងផ្តោតទៅលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ ក្រោមគោលដៅធ្វើឱ្យកាន់តែប្រសើរឡើង នូវភាពរហ័សនៃការចល័តកងទ័ព ក្នុងករណីមានការវាយប្រហារណាមួយពីចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

យោធាតៃវ៉ាន់ តែងតែប្រារព្ធសមយុទ្ធយោធាជាប្រចាំ​ ដើម្បីត្រៀមខ្លួនចំពោះការវាយប្រហារ ដែលអាចកើតមានឡើងពីចិន ដ្បិតទីក្រុងប៉េកាំង ចាត់ទុកដែនកោះនេះ ជាទឹកដីមិនអាចកាត់ផ្តាច់បានដាច់ខាតរបស់ប្រទេសចិន ហើយបានព្រមានថា នឹងបង្រួបបង្រួមគ្នាវិញនៅថ្ងៃណាមួយ ទោះត្រូវប្រើកម្លាំងយោធាក៏ដោយបើចាំបាច់។

ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា សមយុទ្ធខាងលើ មានគោលដៅបង្វឹកអង្គភាពយោធានៅគ្រប់កម្រិតទាំងអស់ អំឡុងដំណាក់កាលដាក់ពង្រាយត្រៀមលក្ខណៈប្រយុទ្ធ ហើយជួយឱ្យពួកគេថ្នឹកជាមួយវិធីសាស្រ្តប្រយុទ្ធ និងស្ថានភាពសមរភូមិ ព្រមទាំងពង្រឹងសមត្ថភាពរបស់ពួកគេ ក្នុងការធ្វើអន្តរកាលរវាងប្រតិបត្តិការ អំឡុងពេលមានសន្តិភាព និងអំឡុងពេលមានសង្រ្គាម។

គួរបញ្ជាក់ថា តៃវ៉ាន់បានចំណាយថវិការាប់ពាន់លានដុល្លារ ក្នុងការដំឡើងសមត្ថភាពយោធារបស់ខ្លួន អំឡុងពេលប្រមាណជា ១ទសវត្សរ៍មកនេះ ប៉ុន្តែទោះជាបែបនេះក៏ដោយ ទីក្រុងតៃប៉ិកំពុងត្រូវបានសហរដ្ឋអាមេរិក ជំរុញឱ្យបង្កើនការចំណាយថែមទៀត ដើម្បីការពារខ្លួនប្រឆាំងការរីកធំឡើងនៃការគំរាមកំហែងពីចិន។ ប៉ុន្មានឆ្នាំមកហើយ យោធាចិនបានធ្វើសកម្មភាពសឹងតែរៀងរាល់ថ្ងៃ នៅក្បែរកោះតៃវ៉ាន់៕