សហរដ្ឋអាមេរិក ផ្អាកទណ្ឌកម្មប្រេងលើអ៉ីរ៉ង់ជាបណ្ដោះអាសន្ន ក្រោយកិច្ចចរចា

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានផ្អាកការអនុវត្តការដាក់ទណ្ឌកម្មប្រេងលើអ៉ីរ៉ង់រយៈពេល ៦០ថ្ងៃ រាប់ចាប់ពីថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២៦តទៅ បន្ទាប់ពីអនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយថាអ៉ីរ៉ង់នឹងអនុញ្ញាតឱ្យក្រុមមន្ត្រីអធិការកិច្ច UN ត្រឡប់ទៅកាន់អ៉ីរ៉ង់វិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមលោក JD Vance អ៉ីរ៉ង់បានយល់ព្រមអនុញ្ញាតឱ្យក្រុមមន្ត្រីអធិការកិច្ចមកពីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA ត្រឡប់ទៅកាន់អ៉ីរ៉ង់វិញ ដែលលោកហៅថាជាព្រឹត្តការណ៍ ដ៏សំខាន់មួយ និងជាការបោះជំហានដំបូងឆ្ពោះទៅរកការរំសាយនុយក្លេអ៊ែរអ៉ីរ៉ង់ជាអចិន្ត្រៃយ៍។ ព្រមពេលជាមួយគ្នា ក្រសួងហិរញ្ញវត្ថុអាមេរិកក៏បានប្រកាសពីការផ្អាកជាបណ្ដោះអាសន្ន ការអនុវត្តការដាក់ទណ្ឌកម្មប្រេងលើអ៉ីរ៉ង់ផងដែរ ដើម្បីអនុញ្ញាតឱ្យអ៉ីរ៉ង់ផលិត លក់ និងនាំចេញប្រេង រួមទាំងផលិតផលពាក់ព័ន្ធរហូតដល់ថ្ងៃទី២១ ខែសីហា។

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានបញ្ជាក់ថាការប្ដេជ្ញាចិត្តរបស់អ៉ីរ៉ង់ចំពោះការបើកចំហ និងសេរីភាពនៃការធ្វើនាវាចរក្នុងច្រកសមុទ្រ Hormuz និងការយល់ព្រម អនុញ្ញាតឱ្យក្រុមមន្ត្រីអធិការកិច្ច IAEA ត្រឡប់ទៅកាន់អ៉ីរ៉ង់វិញ គឺជាហេតុផលនៅពីក្រោយការសម្រេចចិត្តផ្អាកទណ្ឌកម្ម។ នៅឯទីក្រុងវ៉ាស៊ីនតោនវិញ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាច្រកសមុទ្រ Hormuz ត្រូវបានបើកចំហទាំងស្រុងសម្រាប់កប៉ាល់ធ្វើដំណើរឆ្លងកាត់ ជាមួយការអះអាងថាសហរដ្ឋអាមេរិកសម្រេចបានគោលដៅ២ នោះគឺ ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ហើយអ៉ីរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរដាច់ខាត។

តែទោះជាយ៉ាងណាក៏ដោយ ការវាយប្រយុទ្ធគ្នានៅលីបង់រវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ បានបង្កឱ្យមានការចោទសួរនូវសំណួរដ៏ធំមួយថាតើសន្តិភាពរវាងអាមេរិក និងអ៉ីរ៉ង់ អាចនឹងត្រូវបានបំផ្លាញដោយសារជម្លោះនៅលីបង់ដែរឬក៏យ៉ាងណា? ខណៈការបិទបញ្ចប់ជម្លោះនៅលីបង់ជាលក្ខខណ្ឌមួយដែលទីក្រុងតេហេរ៉ង់បានចងភ្ជាប់ជាមួយលក្ខខណ្ឌ បិទបញ្ចប់សង្រ្គាមជាមួយសហរដ្ឋអាមេរិក៕