ជើងហោះហើររបស់ Indigo តភ្ជាប់ពីប្រទេសឥណ្ឌា ​មកកាន់ទីក្រុងសៀមរាប នឹងផ្អាកបណ្តោះអាសន្ន​ ចាប់ពីដើមខែកក្កដា ឆ្នាំ២០២៦នេះ

(ភ្នំពេញ)៖ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Indigo ដែលតភ្ជាប់ពីទីក្រុង Kolkata ប្រទេសឥណ្ឌា ​មកកាន់ទីក្រុងសៀមរាប នឹងផ្អាកបណ្តោះអាសន្ន​ចាប់ពីដើមខែកក្កដាឆ្នាំ២០២៦នេះ ក្រោយភ្ជាប់ដំណើរការហោះហើររយៈពេលជិត១ឆ្នាំ។

ក្រុមហ៊ុនអាកាសចរណ៍ Indigo (6E) មានជើងហោះហើរត្រង់រវាង Kolkata (CCU) និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ចំនួន ៦ ជើងក្នុងមួយសប្តាហ៍(ទ្វេរទិស)​ ​ដោយប្រើយន្តហោះប្រភេទ Airbus A320neo។

សូមជម្រាបថា ជើងហោះហើរត្រង់ទី១ របស់ក្រុមហ៊ុនអាកាសចរណ៍ Indigo ដែលតភ្ជាប់ពីទីក្រុង Kolkata ប្រទេសឥណ្ឌា មកកាន់ទីក្រុងសៀមរាប ត្រូវបានសម្ពោធជាផ្លូវការ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

ចំណែកជើងហោះហើររបស់ Firefly របស់ប្រទេសម៉ាឡេស៊ីដែលតភ្ជាប់ជើង​ហោះហើរ​ត្រង់​ពីទីក្រុងកូឡាឡាំពួរ មកកាន់ខេត្តសៀមរាប (SAI) ដែលមាន៦ ជើង/សប្ដាហ៍(ទ្វេរទិស)ត្រូវបានផ្អាកជាបណ្តោះអាសន្នកាលពីចុងខែកុម្ភៈ ឆ្នាំ២០២៦។

ក្រុមហ៊ុនអាកាសចរណ៍ Firefly Airlines ​បានតភ្ជាប់ជើង​ហោះហើរ​ត្រង់​ពីទីក្រុងកូឡាឡាំពួរ មកកាន់ខេត្តសៀមរាប (SAI) ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា ​ក្រុមហ៊ុនអាកាសចរណ៍មួយចំនួន បានផ្អាកខ្សែផ្លូវហោះហើរ ដោយសារតែការចំណាយក្នុងប្រតិបត្តិការខ្ពស់ ស្របពេលដែលមានបញ្ហាសង្គ្រាមនៅមជ្ឈឹមបូព៌ា ធ្វើឱ្យតម្លៃប្រេងកើនឡើងខ្ពស់ ទើបក្រុមហ៊ុនទាំងនោះត្រូវការពេលរៀបចំយុទ្ធសាស្ត្រទីផ្សារឡើងវិញ។

លោក ស៊ីន ចាន់សិរីវុត្ថា បានឱ្យដឹងទៀតថា ក្រុមហ៊ុន Korean Air និង Asiana Airlines គ្រោងច្របាច់បញ្ចូលគ្នា នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ប្រែប្រួលរចនាសម្ព័ន្ធអាកាសចរណ៍ដ៏ធំបំផុត ដែលនឹងជះឥទ្ធិពលដល់ការតភ្ជាប់របស់ កម្ពុជា ជាមួយអាស៊ីខាងជើងក្នុងរយៈពេល ១ ទសវត្សរ៍ខាងមុខ។

លោកថា ក្រោយការសម្រេចបាននូវការរួមបញ្ចូលគ្នាយ៉ាងពេញលេញនេះ អាកាសយានដ្ឋានអន្តរជាតិអ៊ិនឈន់ (ICN) នឹងវិវត្តខ្លួនទៅជា SkyTeam Mega-Hub ដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងតំបន់អាស៊ី។ ការណ៍នេះកើតឡើងដោយសារក្រុមហ៊ុន Korean Air នឹងស្រូបយកទាំងស្រុងនូវបណ្តាញខ្សែហោះហើរ ចំនួនយន្តហោះ (Fleet) ធនធានមនុស្ស រួមទាំងកិច្ចព្រមព្រៀងកូដរួម (Codeshare Agreements) ទាំងអស់របស់ Asiana Airlines ដែលជាការបើកផ្លូវឱ្យអាកាសចរណ៍ជាតិរួមមួយនេះ ក្លាយជាក្រុមហ៊ុនអាកាសចរណ៍ធំជាងគេបំផុតមួយក្នុងចំណោមក្រុមហ៊ុនកំពូលទាំង ១០ នៅលើពិភពលោក៕