បង់ក្លាដែស ដាក់ពង្រាយកងទ័ពដើម្បីធានាសន្តិសុខ មុនខួបគណបក្សរបស់អតីតនាយករដ្ឋមន្រ្តី ដែលត្រូវបានទម្លាក់ពីអំណាច

(ដាក្កា)៖ កាលពីថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ បង់ក្លាដែសបានចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត រហូតដល់ថ្ងៃទី៣០ ខែមិថុនា ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League ដែលជាគណបក្សនយោបាយរបស់អតីតនាយករដ្ឋមន្រ្តី លោកស្រី Sheikh Hasina។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការចេញបញ្ជាដាក់ពង្រាយកងទ័ពជាថ្មីនេះ គឺកើតមានឡើងត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីយោធាទើបតែបានបិទបញ្ចប់​ប្រតិបត្តិការសន្តិសុខទូទាំងប្រទេសរបស់ខ្លួន ដែលមានរយៈពេលជិត២ឆ្នាំ ក្រោយការផ្ទុះចលនាបះបោរដឹកនាំដោយក្រុមនិស្សិត ដែលបានផ្តួលរំលំលោកស្រី Hasina ចេញពីអំណាចកាលពីខែសីហា ឆ្នាំ២០២៤។

មន្រ្តីបង់ក្លាដែស បាននិយាយថា សន្តិសុខត្រូវបានរឹតបន្តឹង ចំពោះមុខក្តីបារម្ភថា ក្រុមអ្នកគាំទ្រអតីតបក្សកាន់អំណាច Awami League អាចនឹងព្យាយាមបង្កចលាចល តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រមូលផ្តុំគ្នា ឬដង្ហែក្បួនតវ៉ា ដើម្បីប្រារព្ធខួបកំណើតបក្ស ទោះបីគណបក្សនេះជាប់បម្រាមក៏ដោយ។ បម្រាមលើបក្ស Awami League ដែលត្រូវបានដាក់ចេញដំបូង ដោយអតីតរដ្ឋាភិបាលបណ្តោះអាសន្ន នៅតែបន្តអនុវត្តដដែល ក្រោមរដ្ឋាភិបាលនាយករដ្ឋមន្រ្តីថ្មី លោក Tarique Rahman ដែលបានចូលកាន់តំណែង ក្រោយការបោះឆ្នោតសកល កាលពីខែកុម្ភៈ។

គួរបញ្ជាក់ថា លោកស្រី Hasina បានភៀសខ្លួនទៅកាន់ឥណ្ឌាដែលជាប្រទេសជិតខាង អំឡុងការបះបោរឆ្នាំ២០២៤ ហើយ​បន្តស្ថិតនៅទីនោះ មកទល់បច្ចុប្បន្ន។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ តុលាការក្នុងស្រុក បានផ្តន្ទាទោសប្រហារជីវិតលោកស្រី​ដោយកំបាំងមុខ ជុំវិញការបង្រ្កាបរបស់រដ្ឋាភិបាលលោកស្រី លើក្រុមបាតុករ។ លោកស្រីបានច្រានចោលសេចក្តីសម្រេចនោះ ថាវាបង្កប់ចេតនានយោបាយ៕