ចិន ថាការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ មិននៅទ្រឹង ដោយសារតែប្រទេសណាមួយ ដកខ្លួនចេញនោះទេ

(ព្រុចសែល)៖ នៅពេលដែលប្រទេសនានា កំពុងត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ ស្តីពីបញ្ហាអាកាសធាតុ ដោយគ្មានសហរដ្ឋអាមេរិក ទីក្រុងប៉េកាំង បានលើកឡើងថា កិច្ចសហប្រតិបត្តិការជាសកល ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ នឹងមិនជាប់គាំង ដោយសារតែអវត្តមាននៃប្រទេសណាមួយទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦។

នៅក្នុងកិច្ចប្រជុំនៃបណ្តារដ្ឋាភិបាល កាលពីថ្ងៃចន្ទ រដ្ឋមន្រ្តីក្រសួងបរិស្ថានចិន លោក Huang Runqiu គូសបញ្ជាក់ថា «ដំណើរការពហុភាគី នឹងមិនបញ្ឈប់ ឬថយចុះ ដោយសារតែអវត្តមាននៃប្រទេសមួយ ហើយគោលដៅកាត់បន្ថយកាបូនរបស់ពិភពលោក មិនអាចដើរថយក្រោយបានឡើយ»

ប្រធានាធិបតី ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលជាសន្ធិសញ្ញា ស្តីពីការប្រែប្រួលអាកាសធាតុដ៏សំខាន់របស់ពិភពលោក កាលពីខែមករា។ រហូត​មក​ដល់​ពេល​នេះ គ្មាន​ប្រទេស​ណា​មួយ​ ដើរ​តាម​ជំហានរបស់​សហរដ្ឋអាមេរិក​ទេ។

ការអត្ថាធិប្បាយរបស់លោក Huang ធ្វើឡើងក្នុងកិច្ចប្រជុំអំពីកិច្ចសហប្រតិបត្តិការ លើការប្រែប្រួលអាកាសធាតុ ដែលចិន សហភាពអឺរ៉ុប (EU) និងកាណាដា កំពុងធ្វើសហម្ចាស់ផ្ទះ ទោះបីជាមានភាពតានតឹងកាន់តែខ្លាំង រវាងទីក្រុងព្រុចសែល និងទីក្រុងប៉េកាំង ជុំវិញបញ្ហាពាណិជ្ជកម្ម និងឥទ្ធិពលរបស់ចិនលើខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក រួមទាំងបច្ចេកវិទ្យាថាមពលស្អាត ដូចជាបន្ទះស្រូបពន្លឺព្រះអាទិត្យក៏ដោយ៕