ទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធធន និងនិវត្តជនកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មតាមខ្នងផ្ទះបណ្តោះអាសន្នប្រជាពលរដ្ឋភៀសសឹក ព្រមទាំងការបន្តសាងសង់ផ្ទះបណ្តោះអាសន្ន ស្ថិតក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ក្នុងពេលអញ្ជើញចុះពិនិត្យតាមខ្នងផ្ទះ ទេសរដ្ឋមន្រ្តី សូមកោតសរសើរដល់ប្រជាពលរដ្ឋភៀសសឹកដែលបានរៀបចំផ្ទះរបស់ខ្លួនប្រកបដោយសោភ័ណភាព បូករួមជាមួយការដាំដុះដំណាំហូបផ្លែជុំវិញផ្ទះ។

ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា រាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មានគោលនយោបាយច្បាស់លាស់ ក្នុងការជួយស្តាឡើងវិញនូវជីវភាពរបស់ប្រជាពលរដ្ឋភៀសសឹក។

ទេសរដ្ឋមន្រ្តី បានបន្តថា ជាក់ស្តែង ប្រជាពលរដ្ឋភៀសសឹកដែលស្នាក់នៅផ្ទះបណ្តោះអាសន្ន ត្រូវបានក្រសួង-ស្ថាប័ន និង អាជ្ញាធរមូលដ្ឋានដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល យកចិត្តទុកដាក់មើលការខុសត្រូវ និង ដោះស្រាយបញ្ហាប្រឈមនានា ដែលពួកគាត់ជួបប្រទះសំដៅជួយសម្រួល និង រក្សា លំនឹងជីវភាពរបស់ពួកគាត់។

ទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា អំឡុងពេលស្នាក់នៅបណ្តោះអាសន្ន បងប្អូនពលរដ្ឋភៀសសឹក បានទទួលការយកចិត្តទុកដាក់ មើលថែទាំងពីសំណាក់រាជរដ្ឋាភិបាល និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធ រួមទាំងមហាជន និងសប្បុរសជនគ្រប់ទិសទី ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ និងក្រោមស្មារតីផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ ដោយគ្មានពលរដ្ឋណាម្នាក់ត្រូវបានបោះបង់ឱ្យនៅ ឯកាឡើយទោះជាក្នុងកាលៈទេសៈណាក៏ដោយ។

ទេសរដ្ឋមន្ត្រី គន់ គីម កត់សម្គាល់ឃើញថា ប្រជាពលរដ្ឋភៀសសឹកភាគច្រើនបានខិតខំប្រឹងប្រែង ក្នុងការរៀបចំជីវភាពរស់នៅតាមរយៈមុខរបរ និងអាជីវកម្មរបស់ខ្លួនយ៉ាងល្អប្រសើរ។

ឆ្លៀតក្នុងឱកាសចុះពិនិត្យស្ថានភាពតាមខ្នងផ្ទះ ទេសរដ្ឋមន្ត្រី គន់ គីម បានសំណូមពរដល់ប្រជាពលរដ្ឋដែលជួបប្រទះបញ្ហាប្រឈម សូមរាយការណ៍ទៅកាន់ក្រុមការងារអាជ្ញាធរមូលដ្ឋាន ឬអាជ្ញាធរខេត្ត ដែលប្រចាំការនៅក្នុងភូមិ ដើម្បីចុះពិនិត្យ និងដោះស្រាយបានទាន់ពេលវេលា៕