អឺរ៉ុបទទួលជួបមន្ត្រីតាលីបង់ជាលើកដំបូងក្នុងទីក្រុងព្រុចសែល ខណៈក្រុមសិទ្ធិមនុស្សរិះគន់យ៉ាងខ្លាំង

(ព្រុចសែល)៖ គណៈប្រតិភូតាលីបង់អាហ្វហ្គានីស្ថាន នៅថ្ងៃអង្គារ បានជួបពិភាក្សាជាមួយមន្ត្រីសហភាពអឺរ៉ុប (EU) ជាលើកដំបូងនៅទីក្រុងព្រុចសែល (Brussels)។ ជំនួបនេះត្រូវបានក្រុមសិទ្ធិមនុស្សថ្កោលទោសយ៉ាងខ្លាំង ដោយចាត់ទុកថាជាការផ្តល់ភាពស្របច្បាប់ដល់ក្រុមឥស្លាមជ្រុលនិយមមួយនេះ ប៉ុន្តែ EU ការពារខ្លួនថាវាជាភាពចាំបាច់ ដើម្បីសម្រួលដល់ការបញ្ជូនជនភៀសខ្លួនខុសច្បាប់ត្រឡប់ទៅវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចសាជាថ្មីកាលពី ៥ឆ្នាំមុន EU មិនដែលទទួលស្គាល់រដ្ឋាភិបាលនេះជាផ្លូវការឡើយ។ ទោះជាយ៉ាងណា EU បញ្ជាក់ថា ការជួបពិភាក្សាកម្រិតបច្ចេកទេសជាមួយ «អាជ្ញាធរជាក់ស្តែង» របស់អាហ្វហ្គានីស្ថាន គឺជារឿងចាំបាច់ ដើម្បីអាចបណ្តេញជនចំណាកស្រុកដែលប្រព្រឹត្តបទឧក្រិដ្ឋ ឬបង្កការគំរាមកំហែងដល់សន្តិសុខអឺរ៉ុប ឱ្យត្រឡប់ទៅវិញ។

អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប បានបញ្ជាក់ថា ជំនួបនេះមានការចូលរួមពីមន្ត្រី EU និងតំណាងមកពីប្រទេសសមាជិកចំនួន ១៥។ ផ្ទុយទៅវិញ អ្នកនាំពាក្យក្រសួងការបរទេសអាហ្វហ្គានីស្ថាន បានអះអាងថា កិច្ចប្រជុំនេះមានរបៀបវារៈធំទូលាយជាងនេះ រួមមាន ការពិភាក្សាពីលទ្ធភាពបង្កើតកុងស៊ុលនៅអឺរ៉ុប និងការកសាងទំនុកចិត្តគ្នាទៅវិញទៅមកជាដើម។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ បានរងការរិះគន់យ៉ាងចាស់ដៃពីក្រុមសិទ្ធិមនុស្ស និងអ្នកនយោបាយអឺរ៉ុបមួយចំនួន ដោយព្រមានថាការធ្វើបែបនេះស្មើនឹងការទទួលស្គាល់ភាពស្របច្បាប់របស់តាលីបង់។ ដើម្បីកាត់បន្ថយក្តីបារម្ភនេះ ក្រសួងការបរទេសបែលហ្ស៊ិក (Belgium) បានបញ្ជាក់ថា ខ្លួនបានផ្តល់ទិដ្ឋាការ (Visa) ដល់ប្រតិភូតាលីបង់សម្រាប់រយៈពេលតែមួយថ្ងៃប៉ុណ្ណោះ និងដាក់កំហិតឱ្យពួកគេអាចធ្វើដំណើរបានតែនៅលើទឹកដីបែលហ្ស៊ិក ដោយមិនអនុញ្ញាតឱ្យឆ្លងចូលប្រទេសសមាជិក EU ផ្សេងទៀតឡើយ៕