(ឡុងដ៍)៖ រុស្ស៉ីបានចោទប្រកាន់សហរដ្ឋអាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នា ដែលត្រូវបានឈានដល់រវាងលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ មន្ត្រីជាន់ខ្ពស់ម្នាក់នៃវិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយថាមានតែភាគីម្ខាងគត់ គឺរុស្ស៉ីដែលបានបន្តប្ដេជ្ញាចិត្តចំពោះការយោគយល់គ្នា ខណៈភាគីម្ខាងទៀត គឺសហរដ្ឋអាមេរិកបានបរាជ័យក្នុងការអនុវត្តតាម។ កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov ក៏បានលើកឡើងដែរថាកិច្ចប្រជុំកំពូលនៅរដ្ឋ Alaska ប្រហែលគ្រាន់តែជាគម្រោងមួយរបស់សហរដ្ឋអាមេរិកដើម្បីទិញពេលវេលាក្នុងការបំពាក់អាវុធឡើងវិញឱ្យ របបទីក្រុងកៀវតែប៉ុណ្ណោះ។
ដោយឡែក អនុរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Ryabkov បានចោទប្រកាន់សហរដ្ឋអាមេរិកថាបានដើរចេញពីការយោគយល់គ្នាជាមូលដ្ឋានដែលត្រូវបានឯកភាពគ្នា ក្នុងរដ្ឋ Alaska។ ប៉ុន្តែយ៉ាងណា លោកបាននិយាយថាកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិកនឹងនៅតែបន្តធ្វើឡើង៕
































