លោក គីម ជុងអ៊ុន ចង់ឱ្យកូរ៉េខាងជើងសង់នាវាចម្បាំងឱ្យបាន ២គ្រឿងជារៀលរាល់ឆ្នាំ ក្នុងពេល ៥ឆ្នាំ

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថាកូរ៉េខាងជើងគួរតែសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ក្នុងសេចក្ដីរាយការណ៍មួយនៅថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថាលោក គីម ជុងអ៊ុន ធ្វើការប្រកាសខាងលើនៅឯពិធីសម្ពោធដាក់ឱ្យប្រើនាវាពិឃាដពហុមុខងារ Choe Hyon ធ្វើឡើងនៅកំពង់ផែ Nampho។ តាមលោក គីម កូរ៉េខាងជើងមានគម្រោងដាក់ឱ្យប្រើនាវាពិឃាដទម្ងន់ ៥០០០តោនមួយគ្រឿងផ្សេងទៀតឈ្មោះ Kang Kon រួមជាមួយនាវាចម្បាំងយុទ្ធសាស្ត្រមួយគ្រឿងមួយទម្ងន់ ១០ ០០០តោនក្នុងពេលឆាប់ៗ។ នាវាពិឃាដ Kang Kon ត្រូវបានជួសជុលឡើងវិញ កាលពីឆ្នាំ២០២៥ បន្ទាប់ពីក្រឡាប់លិចអំឡុងពិធីសម្ពោធមួយ។

នៅឯពិធីកាលពីថ្ងៃអង្គារម្សិលមិញនោះដែរ មេដឹកនាំកូរ៉េខាងជើងបានទទួលស្គាល់ថាកងទ័ពជើងទឹកជាផ្នែកដ៏ទន់ខ្សោយមួយនៃកងកម្លាំងយោធាកូរ៉េខាងជើង។ តែចាប់ពីពេលនេះតទៅ កូរ៉េខាងជើងនឹងពង្រឹងសមត្ថភាពកងទ័ពជើងទឹកឱ្យបានខ្លាំងក្លាជាមួយការបំពាក់អាវុធនុយក្លេអ៊ែរ។ តាមលោក គីម ការផ្លាស់ប្ដូរដ៏សំខាន់បំផុតសម្រាប់កងទ័ពជើងទឹកកូរ៉េខាងជើង នោះគឺការផ្លាស់ប្ដូរនៅក្នុងឋានៈរបស់ខ្លួន តួនាទី និងវិសាលភាពនៃការធ្វើប្រតិបត្តិការ៕ ​​