មេដឹកនាំហេសបូឡា ទាមទារកាលបរិច្ឆេទនៃការដកកងទ័ពអ៉ីស្រាអែល ចេញពីលីបង់

(បេរូត)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ មេដឹកនាំក្រុមហេសបូឡា លោក Naim Qassem បានទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់ ខណៈដែលអាជ្ញាធរលីបង់និយាយថា ការបាញ់ប្រហារដោយអ៉ីស្រាអែល បានសម្លាប់មនុស្សពីរនាក់ ទោះជាមានបទឈប់បាញ់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦។

ប្រធានាធិបតីលីបង់ លោក Joseph Aoun បានជំទាស់នឹងកាន់កាប់របស់អ៉ីស្រាអែលនៅភាគខាងត្បូង និងការជ្រៀតជ្រែកពីបរទេសក្នុងកិច្ចការប្រទេសរបស់លោក ដែលសំដៅទៅដល់ការគាំទ្ររបស់អ៉ីរ៉ង់ចំពោះក្រុមហេសបូឡា ខណៈកិច្ចចរចាលើកទី ៥នៃអ៉ីស្រាអែល និងលីបង់ ចាប់ផ្តើមក្នុងទីក្រុងវ៉ាស៉ីនតោន។

ដោយឡែក អ្នកសម្រុះសម្រួលប៉ាគីស្ថាន និងកាតា បាននិយាយថា ទីក្រុងតេហេរ៉ង់ និងវ៉ាស៉ីនតោន បានព្រមព្រៀងរកវិធីបន្ថយជម្លោះ ឈានទៅកំណត់ស្ថានភាពលីបង់ បន្ទាប់ពីកិច្ចចរចានៅប្រទេសស្វីស ស្តីពីការបញ្ចប់សង្រ្គាមមជ្ឈិមបូព៌ាទាំងស្រុង ដែលអ៉ីរ៉ង់បានទាញភ្ជាប់ជាមួយការប្រយុទ្ធគ្នាក្នុងប្រទេសបង់។ ថ្លែងតាមទូរទស្សន៍ លោក Qassem គូសបញ្ជាក់ថា «ឥឡូវនេះយើងកំពុងមានបទឈប់បាញ់។ ការដកថយត្រូវតែធ្វើឡើងតាមកាលបរិច្ឆេទ។ អ៉ីស្រាអែល គ្មានជម្រើសអ្វី ក្រៅពីដកថយទៅវិញទាំងស្រុង ចេញពីទឹកដីរបស់លីបង់ ដោយគ្មានលក្ខខណ្ឌ»

គួរបញ្ជាក់ថា តាមទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ NNA បុរសពីរនាក់ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារ នៅពេលដែលទាហានអ៉ីស្រាអែល បានបាញ់ប្រហារមកលើពូកគេ ពេលកំពុងឈរក្បែរកន្លែងជីកកាយដីផ្លូវមួយ ក្នុងសង្កាត់ Nabatieh al-Fawqa ភាគខាងត្បូងលីបង់៕