
(ភ្នំពេញ)៖ គណៈប្រតិភូបញ្ជាការដ្ឋានការពារអាកាសវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ទោ វូ ហុង សឺន (VU HONG SON) មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស នៃទ័ពអាកាសវៀតណាម រួមជាមួយសមាជិកចំនួន ១០រូប នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវិមានឈ្នះឈ្នះ
ក្រោមអនុសាសន៍ណែនាំរបស់លោកស្រីឧត្តមសេនីយ៍ឯក ណឹម សុវត្តី អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជានាយកអង្គភាពសេនា។
ក្រុមការងារបដិសណ្ឋារកិច្ចបានរៀបចំទទួលស្វាគមន៍គណៈប្រតិភូ មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាសវៀតណាម ដោយមានការទទួលស្វាគមន៍នៅក្នុងពិជ័យសេនាដែលជាអគាររដ្ឋបាល និងបានផ្តល់បទឧទ្ទេសនាមអំពីតំបន់ប្រវត្តិសាស្ត្រយោធា និងដំណើរការការអនុវត្តន៍នយោបាយឈ្នះឈ្នះ អំឡុងពេលឆ្នាំ១៩៩៦ និង១៩៩៨ ទៅដល់ប្រតិភូ មុនបន្តដំណើរទស្សនកិច្ចចូលទៅខាងក្នុងសារមន្ទីរតេជោសន្តិភាព និងបានបន្តផ្តល់បទឧទេសនាមគណៈប្រតិភូអំពីប្រវត្តិសាស្ត្រ និងដំណើរជាតិកម្ពុជា ជាពិសេសដំណើរសង្គ្រោះជាតិចេញពីខ្មែរក្រហម ផ្សារភ្ជាប់ទៅនឹងជីវិតដឹកនាំរបស់ សម្តេចតេជោហ៊ុន សែន កាល់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងដំណើរការការអនុវត្តនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោដែលបានដាក់ចេញនៅក្នុងអំឡុងដើមឆ្នាំ១៩៩៦ អមជាមួយចម្លាក់ សិលាចារិក គំនូរ រូបភាពដែលមានចារឹកនៅលើស្ថាបត្យកម្មប្រវត្តិសាស្ត្រវិមានឈ្នះឈ្នះ។

លោកមេបញ្ជាការ មានចំណាប់អារម្មណ៍ខ្ពស់ក្នុងដំណើរប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ដែលមានការផ្សារភ្ជាប់ទៅនឹងភាគីវៀតណាម រហូតឈានទៅដល់ការផ្តួលរំលំរបបប្រលៃពូជសាស្ត្រនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ និងប្រតិបត្តិការនៃដំណើរការអនុវត្តនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោអំឡុងឆ្នាំ១៩៩៧-១៩៩៨ ដែលបាននាំមាគ៌ាកម្ពុជាឱ្យមានការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នាំមកនូវសន្តិភាព និងការឯកភាពជាតិពេញនៅកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចគណៈប្រតិភូបញ្ជាការដ្ឋានការពារអាកាសវៀតណាមដឹកនាំដោយ ឧត្តមសេនីយ៍ទោ វូ ហុង សឺន (VU HONG SON) ក្រុមការងារមគ្គុទេសក៏បានផ្ដល់ជូនគណៈប្រតិភូនូវចំណុចដ៏មានសារៈសំខាន់ គឺការស្វែងយល់ជាពិសេសអំពីវិធីសាស្ត្របញ្ចប់សង្រ្គាមនៅកម្ពុជាតាមរយៈនយោបាយឈ្នះឈ្នះ និងយល់កាន់តែច្បាស់អំពីគុណតម្លៃនៃសន្តិភាព។

ប្រធានប្រតិភូ ឧត្តមសេនីយ៍ទោ វូ ហុង សឺន (VU HONG SON) បានបង្ហាញភាពស្ញប់ស្ញែងចំពោះវីរៈដឹកនាំរបស់សម្ដេចតេជោ ក្នុងការកសាងសន្តិភាពនៅកម្ពុជា និងជឿជាក់ថាកម្ពុជាត្រូវការសន្តិភាពដើម្បីអភិវឌ្ឍប្រទេស និងកានការវាយតម្លៃខ្ពស់ និងលើកសរសើរអំពីវីរៈភាពរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការកសាងសន្តិភាព និងឯកភាពជាតិពេញលេញ តាមរយៈនយោបាយដ៏ពិសិដ្ឋមួយដែលបានបញ្ចប់សង្រ្គាមផ្ទៃក្នុង។
ឧត្តមសេនីយ៍ទោ វូ ហុង សឺន មានការមានការពេញចិត្តជាខ្លាំងនៅក្នុងដំណើរការទស្សនកិច្ចនៅក្នុងវិមានឈ្នះឈ្នះ ដែលជានិច្ចជាកាលប្រទេសវៀតណាមតែងតែមនាប្រតិភូសំខាន់បានចុះមកទស្សនកិច្ចនៅវិមានឈ្នះឈ្នះ ជាបន្តបន្ទាប់ ជាពិសេសកាលពីឆ្នាំ២០២៤ រដ្ឋមន្ត្រីការពារប្រទេសវៀតណាម ក៏ធ្លាប់មានវត្តមានមកទស្សនកិច្ចនៅកម្ពុជា ក៏ដូចជាវិមានឈ្នះឈ្នះ ដែលបានបង្ហាញពីចំណងមិត្តភាពកម្ពុជា-វៀតណាម ទៅលើប្រតិបត្តិការនានា។

ឧត្តមសេនីយ៍ទោ វូ ហុង សឺន បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ការងារប្រវត្តិសាស្ត្រយោធារវាងក្រសួងការពារជាតិរបស់ប្រទេសទាំងពីរ ដែលកិច្ចសហប្រតិបត្តិការនេះជាអត្តសញ្ញាណ្ណបង្ហាញទៅប្រជាជនកម្ពុជា និងវៀតណាមជំនាន់ក្រោយថាកិច្ចសហប្រតិបត្តិក្នុងក្របខ័ណរវាងប្រទេសទាំងពីរបានជួយគ្នាទៅវិញទៅមកក្នុងការចែករំលែកបច្ចេកទេសក្នុងការចងក្រង និងការសិក្សាស្រាវជ្រាវដែលមានប្រសិទ្ធខ្ពស់។
លោកមេបញ្ជាការ បានបន្ថែមថា កិច្ចសហប្រតិបត្តិនេះគម្បីមានការចងចាំ ដឹងគុណ និងបន្តលើកកំពស់អំពីសំណាក់ប្រជាជនរបស់ទាំងពីរ ដើម្បីកសាងទិសដៅអភិវឌ្ឍន៍រួមគ្នា។

ឧត្តមសេនីយ៍ទោ វូ ហុង សឺន បានសម្តែងការគោរពយ៉ាងជ្រាលជ្រៅចំពោះការលះបង់ដ៏ធំធេងរបស់វីរជនពលីជីវិតនៃកងទ័ពស្ម័គ្រចិត្តវៀតណាម និងវីរបុរសដែលនៅសេសសល់នៃប្រទេសបងប្អូនយើង គឺកម្ពុជា ហើយសូមជូនពរឱ្យប្រទេសកម្ពុជាបានរីកចម្រើនឥតឈប់ឈរ។ សូមឱ្យមិត្តភាពរវាងវៀតណាម និងកម្ពុជានៅតែរឹងមាំជារៀងរហូត៕


































