
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញជាអធិបតីក្នុងទិវាបុណ្យឯករាជ្យជាតិរដ្ឋអ៊ីស្រាអែល ដែលប្រារព្ធឡើងនាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Raffles Le Royal។
ក្នុងឱកាសដ៏វិសេសវិសាលនោះ លោកបានគូសបញ្ជាក់ថា ការប្រារព្ធទិវានេះ មិនត្រឹមតែជាការគោរពដល់ប្រវត្តិសាស្ត្រដ៏សម្បូរបែប បេតិកភណ្ឌវប្បធម៌ដ៏ស្ថិតស្ថេរយូរអង្វែង និងវឌ្ឍនភាព ព្រមទាំងសមិទ្ធផលដ៏អស្ចារ្យដែលរដ្ឋអ៉ីស្រាអែល សម្រេចបានក្នុងរយៈពេល ៧៨ ឆ្នាំនៃការកសាង និងអភិវឌ្ឍជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការអបអរសាទរចំណងសហប្រតិបត្តិការដ៏រឹងមាំ និងកំពុងរីកចម្រើន ដែលបានភ្ជាប់ប្រទេសកម្ពុជា-អ៉ីស្រាអែល ឱ្យកាន់តែជិតស្និទ្ធផងដែរ។
លោករដ្ឋមន្រ្តីបានថ្លែងថា ចាប់តាំងពីការស្តារឡើងវិញនូវទំនាក់ទំនងការទូតនៅឆ្នាំ១៩៩៣មក ប្រទេសទាំងពីរបានខិតខំពង្រឹងទំនាក់ទំនងដោយឈរលើការគោរពគ្នា ផលប្រយោជន៍រួម និងចក្ខុវិស័យរួមសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ អ៊ីស្រាអែលបានបង្ហាញពី សមត្ថភាពដ៏អស្ចារ្យក្នុងការច្នៃប្រឌិត ដោយបានបំប្លែងបញ្ហាប្រឈមទៅជាជោគជ័យ និងក្លាយជាគំរូដ៏លេចធ្លោលើពិភពលោកក្នុងវិស័យបច្ចេកវិទ្យាទំនើប កសិកម្មទំនើប និងឧត្តមភាពផ្នែកវិទ្យាសាស្ត្រ។

លោកក៏បានរំលឹកពីការសម្ពោធស្ថានកុងស៊ុលកិត្តិយសរបស់អ៊ីស្រាអែលប្រចាំកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាជំហានដ៏សំខាន់មួយទៀត ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី។ ស្ថានកុងស៊ុលកិត្តិយសនេះដើរតួនាទីជាស្ពានដ៏មានតម្លៃ ក្នុងការជំរុញការតភ្ជាប់កាន់តែជិតស្និទ្ធរវាងប្រជាជន វិស័យឯកជន លើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ព្រមទាំងសម្របសម្រួលឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរនានា។
លោក ហេង សួរ ក៏បានអបអរសាទរផងដែរចំពោះការចូលជាធរមាននៃកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ស្តីពីការងារបណ្តោះអាសន្នសម្រាប់ពលករកម្ពុជា ក្នុងវិស័យទីផ្សារការងារនៅអ៉ីស្រាអែល។ សមិទ្ធផលដ៏សំខាន់នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយក្នុងការវិវត្តនៃទំនាក់ទំនងកម្ពុជា-អ៉ីស្រាអែល និងឆ្លុះបញ្ចាំងពីការកើនឡើងនៃទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរ។ លើសពីការបង្កើតឱកាសការងារសម្រាប់ពលករកម្ពុជា កិច្ចព្រមព្រៀងនេះនឹងរួមចំណែកដល់ការអភិវឌ្ឍជំនាញ ការផ្ទេរចំណេះដឹង និងការពង្រឹងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។ ខណៈកំពុងបន្តកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍកម្លាំងពលកម្ម ផលិតភាព និងសមត្ថភាពប្រកួតប្រជែង ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន កម្ពុជាវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយអ៉ីស្រាអែល ក្នុងការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងពង្រីកឱកាសសម្រាប់ប្រជាជន។

លោកបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋអ៉ីស្រាអែល ឱ្យកាន់តែរឹងមាំថែមទៀត ដោយជឿជាក់ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនេះ នឹងបន្តរីកចម្រើនកាន់តែស៊ីជម្រៅ ដើម្បីផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។
ទន្ទឹមនឹងនេះ លោកស្រីបណ្ឌិត Alona Fisher-Kamm ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំកម្ពុជា បានលើកឡើងថា អ៊ីស្រាអែល និងកម្ពុជាមានតម្លៃរួមគ្នាដ៏សំខាន់ជាច្រើន ជាពិសេសការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការអប់រំ នវានុវត្តន៍ និងភាពធន់ក្នុងការជម្នះសោកនាដកម្មនៃអំពើប្រល័យពូជសាសន៍ ដើម្បីកសាងប្រទេសជាតិ ឱ្យទទួលបានភាពជោគជ័យ។

លោកស្រីបានបន្ដថា ទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ បានកំពុងរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការ ឆ្នាំ២០២៥ លើវិស័យវប្បធម៌ អប់រំ វិទ្យាសាស្ត្រ និងយុវជន។ បន្ថែមពីនេះ ការផ្តល់សច្ចាប័ននាពេលថ្មីៗនេះ លើកិច្ចព្រមព្រៀងស្តីពីការងារបណ្តោះអាសន្ន សម្រាប់ពលករកម្ពុជានៅអ៊ីស្រាអែល ក៏កំពុងពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ដោយបង្កើតឱកាសសម្រាប់ការងារ ការអភិវឌ្ឍជំនាញ និងការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។
ដោយផ្អែកលើកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំក្នុងវិស័យជាច្រើន អ៊ីស្រាអែលនៅតែបន្តប្តេជ្ញាចិត្តធ្វើជាដៃគូដ៏សំខាន់ជាមួយកម្ពុជាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បីជាផលប្រយោជន៍ និងសេចក្តីប្រាថ្នារួមនៃប្រជាជាតិទាំងពីរ៕


































