
(ប្រ៊ុយណេ)៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី២៣ (23rd SOMRI) ដែល ប្រព្រឹត្តទៅពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងបានដាសេរីបេហ្គាវ៉ាន់ ប្រទេស ប្រ៊ុយ ណេ ដារូសាឡឹម គណៈប្រតិភូក្រសួងព័ត៌មានកម្ពុជា ដឹកនាំដោយលោក ប្រាក់ ថាវអមិដា អនុរដ្ឋ លេខា ធិ ការ និងជាប្រធានឧត្តមមន្ត្រីកម្ពុជា បាន ជួប ពិភាក្សា ការងារ ទ្វេភាគី ជាមួយ ប្រតិភូ ក្រសួង គមនាគមន៍ ម៉ាឡេស៊ី ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានរវាងប្រទេសទាំងពីរ។
ម៉ាឡេស៊ី បាន ប្រកាស គាំទ្រ យ៉ាង ពេញ ទំហឹង ចំពោះ កម្ពុជា ក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ និងជាប្រធានរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន (SOMRI) លើកទី២៤ និងកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន (AMRI) លើកទី១៨ នាឆ្នាំ២០២៧ ខាង មុខ នេះ។
ភាគីទាំងពីរបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានធ្វើឡើងនៅទីក្រុង Penang កាល ពី ប៉ុន្មាន ថ្ងៃ មុន នេះ ដែល ជា គ្រឹះ ដ៏ រឹង មាំ សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង។

ដើម្បីបំប្លែងកិច្ចព្រមព្រៀងឱ្យទៅជាសកម្មភាពជាក់ស្តែង ភាគី ទាំងពីរបានពិភាក្សាយ៉ាងលម្អិតលើការបង្កើតគណៈកម្មការជំនាញក្នុងការត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីលើកទី១ ក្នុងគោលបំណងពង្រឹងការសម្រេចចិត្តកម្រិតនយោបាយ និង យុទ្ធ សាស្ត្រ ព័ត៌មាន រវាង ប្រទេសទាំងពីរ។
ភាគីទាំងពីរបានឯកភាពជំរុញ និងបើកផ្លូវឱ្យមានការតភ្ជាប់ទំនាក់ទំនងផ្ទាល់រវាងបណ្តាអង្គភាព និងស្ថាប័នជំនាញក្រោមចំណុះក្រសួងទាំងពីរ សំដៅការផ្លាស់ប្តូរបទពិសោធ បច្ចេកវិទ្យា និង ខ្លឹម សារព័ត៌មាន ទៅវិញទៅមកឱ្យកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានេះក្នុងយុគសម័យឌីជីថល ក្រសួង ទាំងពីរ បាន ដាក់ ចេញ នូវ ផែន ការ ត្រៀម រៀបចំគម្រោងបណ្តុះបណ្តាលរួមគ្នារវាង IPPTA និងមណ្ឌលបណ្តុះបណ្តាលនិងវិក្រឹត្យកាវិជ្ជាជីវៈសារព័ត័មានដើម្បីបង្កើនសមត្ថភាពជំនាញបច្ចេកទេស និង ក្រម សីលធម៌ វិជ្ជាជីវៈដល់បងប្អូនអ្នកសារព័ត៌មានកម្ពុជា និងម៉ាឡេស៊ី ឱ្យទាន់ការវិវត្តនៃបច្ចេកវិទ្យាទំនើប។

ភាគីទាំងពីរបានប្តេជ្ញាចិត្តមិនត្រឹមតែថែរក្សានូវសមិទ្ធផលដែលមានស្រាប់នោះទេ ប៉ុន្តែ នឹង បន្ត ស្វែង រក កាលានុវត្តភាពថ្មីៗ ដើម្បីពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែសម្បូរបែប និង ឆ្លើយ តប ទៅនឹងតម្រូវការជាក់ស្តែង។
ក្រសួងទាំងពីរក៏បានប្តេជ្ញាចិត្តបន្តបេសកកម្មរួមគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថល និងបរិយាកាសព័ត៌មានអាស៊ានមួយដែលមានសុវត្ថិភាព ភាពធន់ ទំនុកចិត្ត និងផ្តោតលើប្រជាជនជាកណ្តាល៕


































