សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាស្រុកសេសាន នាំយកអំណោយមនុស្សធម៌ចែកជូនចាស់ជរា និងផ្ញើសារសួរសុខទុក្ខដល់វីរកងទ័ពជួរមុខ

ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៦ នេះ លោកស្រី ស៊ីថាន់ ភូខាន់ ប្រធានសាខាសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពប្រចាំស្រុកសេសាន បានដឹកនាំក្រុមការងារនាំយកអំណោយសប្បុរសធម៌ និងគ្រឿងឧបភោគបរិភោគ ទៅចែកជូនដល់លោកយាយ លោកតា ចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ស្ថិតនៅក្នុងភូមិស្រែគ ពីរ ឃុំស្រែគ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
នៅក្នុងឱកាសដ៏ថ្លៃថ្លានោះ លោកស្រី ស៊ីថាន់ ភូខាន់ សាខាស្រុកសេសាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខយ៉ាងកក់ក្តៅ និងគិតគូរជាទីបំផុតពីសំណាក់ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព និង លោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការសមាគម ដែលជានិច្ចកាល ឯកឧត្តម និងលោកបណ្ឌិត តែងតែយកចិត្តទុកដាក់ ដិតដល់ និងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ក៏ដូចជាវីរកងទ័ពដែលកំពុងឈរជើងការពារទឹកដី ដោយមិនមានការរើសអើងពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយណាមួយឡើយ ពោលគឺទីណាមានទុក្ខលំបាក ទីនោះមានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព។


ឆ្លៀតក្នុងឱកាសនោះផងដែរ តំណាងឱ្យសមាគមទាំងមូល និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន លោកស្រី ស៊ីថាន់ ភូខាន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងលំឱនកាយបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ សូមជួយប្រោះព្រំសព្វសាធុការពរជ័យ ជូនចំពោះ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធានសមាគម និង លោកបណ្ឌិតអគ្គលេខាធិការ ឌីម សុខុន ព្រមទាំងសប្បុរសជនទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តដឹកនាំកប៉ាល់មនុស្សធម៌នេះ ជួយដល់សង្គមជាតិជារៀងរហូតតទៅ។
ជាមួយគ្នានេះ ក្រុមការងារក៏មិនភ្លេចឡើយនូវការផ្ញើទឹកចិត្ត គោរពដឹងគុណ និងសព្វសាធុការពរជ័យ ជូនចំពោះ វីរកងទ័ពជួរមុខគ្រប់រូប ដែលកំពុងលះបង់សាច់ស្រស់ឈាមស្រស់ ឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន សូមទទួលបាននូវសេចក្តីសុខ សុវត្ថិភាព សុខភាពមាំមួន និងឈ្នះរាល់រឿងអពមង្គលទាំងពួង ដើម្បីជាបង្អែកដ៏រឹងមាំសម្រាប់ជាតិមាតុភូមិ និងប្រជាជន៕ដោយ បណ្ឌិត ឌីម សុខុន