(វ៉ាស៊ីនតោន)៖ មន្ត្រីអាមេរិកម្នាក់បាននិយាយនៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ ថាអ៉ីរ៉ង់ និងសហរដ្ឋអាមេរិកបានព្រមព្រៀងបញ្ឈប់ការវាយប្រហារសងសឹកដាក់គ្នាថ្មីៗនេះនៅក្នុងតំបន់ឈូងសមុទ្រ ហើយចាប់ផ្ដើមកិច្ចចរចាឡើងវិញលើជម្លោះពាក់ព័ន្ធនឹងច្រកសមុទ្រ Hormuz ដែលនេះបានស្ដារឡើងវិញនូវក្ដីសង្ឃឹមក្នុងការសង្រ្គោះកិច្ចព្រមព្រៀងបឋមមួយដែលកំពុងស្ថិតនៅក្រោមសម្ពាធពីការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមកប៉ុន្មានថ្ងៃមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ដោយចង់សំដៅលើកិច្ចព្រមព្រៀងបឋមមាន ១៤ចំណុចដែលសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានឯកភាពគ្នាកាលពីថ្ងៃទី១៧ ខែមិថុនា មន្ត្រីអាមេរិកខាងលើដដែលបានបញ្ជាក់ទៀតថា កិច្ចចរចាបច្ចេកទេសគ្រោងនឹងបន្តធ្វើឡើងលើគ្រប់ចំណុចទាំងអស់នៃអនុស្សរណយោគយល់ MOU ហើយភាគីទាំងសងខាងយល់ព្រមព្រៀងបញ្ឈប់ការវាយប្រហារដាក់គ្នា ក្នុងពេលនេះ ដើម្បីអាចឱ្យកប៉ាល់ដឹកទំនិញធ្វើដំណើរដោយសេរី។
សារព័ត៌មានអាមេរិក Axios ដែលជាអ្នករាយការណ៍មុនគេពីការបញ្ឈប់អរិភាពដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថាកិច្ចចរចានឹងចាប់ផ្ដើមឡើងវិញនៅថ្ងៃអង្គារសប្ដាហ៍នេះក្នុងប្រទេសកាតា។
គួរបញ្ជាក់ថា ការវិលត្រឡប់ទៅរកកិច្ចចរចាឡើងវិញនេះកើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាអ៉ីរ៉ង់បានវាយប្រហារលើកប៉ាល់ដឹកទំនិញក្នុងតំបន់ច្រកសមុទ្រ Hormuz កាលពីសប្ដាហ៍មុន។ ទាំងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានចោទប្រកាន់ដាក់គ្នាទៅវិញទៅមកពីការបំពានបទឈប់បាញ់ដែលបានឯកភាពគ្នាកាលពីថ្ងៃទី១៧ ខែមិថុនា។
កាលពីថ្ងៃអាទិត្យ ទី២៨ ខែមិថុនា អ៉ីរ៉ង់បានបាញ់មីស៊ីល និងដ្រូនលើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសកូវ៉ែត និងបារ៉ែន ភ្លាមៗក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គំរាមសម្លាប់ថ្នាក់ដឹកនាំអ៉ីរ៉ង់ ប្រសិនបើពួកគេមិនព្រមអនុវត្តតាមកិច្ចព្រមព្រៀងដើម្បី បិទបញ្ចប់សង្គ្រាមទេនោះ៕
































