(គែរ)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានអះអាងថាយោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយជាមួយរដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Israel Katz លោក Benjamin Netanyahu បានឱ្យដឹងថាសហរដ្ឋអាមេរិកត្រូវបានជូនដំណឹងជាមុនពីការវាយប្រហាររបស់អ៉ីស្រាអែល ដែលបានកម្ទេចផ្លូវរូងក្រោមមួយកន្លែងមានប្រវែង ២០០ម៉ែត្ររបស់ក្រុមហេសបូឡា ស្ថិតនៅក្នុងភូមិមួយនៃទីក្រុង Majdal Zoun។
ការវាយប្រហារនេះកើតមានឡើងតែ២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីលីបង់ និងអ៉ីស្រាអែលបានព្រមព្រៀងគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមមួយក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិក ដើម្បីបិទបញ្ចប់អរិភាពនៅតាមបណ្ដោយព្រំដែន។ កិច្ចព្រមព្រៀងនេះបានចែងឱ្យអ៉ីស្រាអែលដកកងទ័ពចេញពីផ្នែកខ្លះនៃទឹកដីភាគខាងត្បូងរបស់លីបង់ជាដំណាក់កាលៗ រួមជាមួយ ការដាក់ពង្រាយកងទ័ពលីបង់។ ប៉ុន្តែបើតាមលោក Netanyahu អ៉ីស្រាអែលនឹងមិនដកទ័ពចេញពីភាគខាងត្បូងលីបង់នោះទេ ដរាបណាក្រុមហេសបូឡាមិនត្រូវបានរំសាយអាវុធ ទាំងស្រុង។
គួរបញ្ជាក់ថា បើតាមសេចក្ដីថ្លែងការណ៍រួមខាងលើ ផ្លូវរូងក្រោមដីរបស់ក្រុមហេសបូឡាដែលត្រូវបានកម្ទេចមានស្ដុកទុកអាវុធ និងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែររាប់រយ។ ការវាយប្រហារនេះដែរ កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយយោធាអ៉ីស្រាអែលបាននិយាយថាខ្លួនបានវាយប្រហារលើក្រុមហេសបូឡា និងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតមួយក្នុងទីក្រុង Nabatieh នៃភាគខាងត្បូងលីបង់។
ជាការឆ្លើយតបទៅនឹងការវាយប្រហារពីអ៉ីស្រាអែល មេដឹកនាំក្រុមហេសបូឡា លោក Naim Qassem បានច្រានចោលកិច្ចព្រមព្រៀងសន្តិសុខរវាងលីបង់ និងអ៉ីស្រាអែលដោយចាត់ទុកថាជាការសុំចុះចាញ់អ៉ីស្រាអែល ហើយអះអាងថាចលនាប្រដាប់អាវុធរបស់លោកនឹងបន្តតស៊ូប្រយុទ្ធដើម្បីការពារទឹកដីរបស់ខ្លួន៕
































