អាមេរិកវាយលុកចិនបន្ថែម! ប្រកាសបិទការនាំចូលឧបករណ៍បច្ចេកវិទ្យាចិនសូម្បីតែ «ម៉ូដែលចាស់ៗ» ក្រោមហេតុផលសន្តិសុខជាតិ

(បរទេស)៖ គណៈកម្មាធិការទំនាក់ទំនងសហព័ន្ធអាមេរិក (FCC) បានប្រកាសពង្រីកវិសាលភាពបម្រាមជាផ្លូវការ ដោយហាមឃាត់ការនាំចូលឧបករណ៍អេឡិចត្រូនិក និងទូរគមនាគមន៍បន្ថែមទៀតពីក្រុមក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន ដែលនេះជាចំណាត់ការចុងក្រោយបង្អស់របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការរឹតបន្តឹងលើឧបករណ៍អេឡិចត្រូនិកផលិតដោយប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។

វិធានការថ្មីដែលនឹងត្រូវចូលជាធរមាននៅដើមខែកក្កដាខាងមុខនេះ គឺបានពង្រីកបន្ថែមពីលើបម្រាមឆ្នាំ២០២២ ដែលកាលនោះហាមឃាត់តែម៉ូដែលថ្មីៗ។ ប៉ុន្តែពេលនេះ បម្រាមនឹងគ្របដណ្តប់ទាំងទៅលើ «ឧបករណ៍ម៉ូដែលចាស់ៗ» (មិនមែនត្រឹមតែម៉ូដែលដែលរចនាឡើងចាប់ពីចុងឆ្នាំ២០២២ នោះទេ) របស់ក្រុមហ៊ុនកំពូលៗរបស់ចិន រួមមាន Huawei, ZTE, Hytera និងក្រុមហ៊ុនផលិតកាមេរ៉ាសុវត្ថិភាព Hikvision និង Dahua ដែលឧបករណ៍ទាំងនោះត្រូវបានប្រើប្រាស់សម្រាប់សុវត្ថិភាពសាធារណៈ សន្តិសុខទីតាំងរដ្ឋាភិបាល និងការឃ្លាំមើលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អាមេរិក។

ជុំវិញការរឹតបន្តឹងនេះ ស្ថាប័ន FCC បានគូសបញ្ជាក់យ៉ាងច្បាស់ថា ចំណាត់ការនេះគឺ «ចាំបាច់ណាស់ដើម្បីការពារសន្តិសុខជាតិ តាមរយៈការកាត់បន្ថយហានិភ័យចំពោះវិស័យទំនាក់ទំនងរបស់សហរដ្ឋអាមេរិក»។ ទោះជាយ៉ាងណាក្តី FCC បានបញ្ជាក់បន្ធូរបន្ថយវិញថា ប្រជាជនអាមេរិកនៅតែអាចបន្តប្រើប្រាស់ឧបករណ៍ចិនដែលពួកគេកំពុងមាន និងកាន់កាប់រួចរាល់ដដែល ដោយគ្រាន់តែរារាំងរាល់ការនាំចូលថ្មីៗប៉ុណ្ណោះ។

ទោះបីជាមិនទាន់មានការឆ្លើយតបភ្លាមៗពីស្ថានទូតចិន ឬក្រុមហ៊ុនដែលរងផលប៉ះពាល់ក្តី ប៉ុន្តែក្រុមហ៊ុន Hikvision ធ្លាប់បានដាក់ពាក្យប្តឹងតវ៉ាកាលពីខែធ្នូប្រឆាំងនឹងការសម្រេចចិត្តរឹតបន្តឹងមុនៗរបស់អាមេរិក ដោយចោទប្រកាន់ថាស្ថាប័ននេះ «បានធ្វើសកម្មភាពហួសពីអំណាចរបស់ខ្លួន និងគ្មានមូលដ្ឋានច្បាស់លាស់»។ លើសពីនេះ FCC ក៏កំពុងពិចារណាឈានទៅរកការហាមឃាត់ក្រុមហ៊ុនទូរគមនាគមន៍អាមេរិក មិនឱ្យភ្ជាប់បណ្តាញជាមួយក្រុមហ៊ុនចិន ដែលវិធានការនេះអាចនឹងបិទផ្លូវមិនឱ្យក្រុមហ៊ុនចិនដំណើរការមជ្ឈមណ្ឌលទិន្នន័យ (Data centers) នៅក្នុងសហរដ្ឋអាមេរិកផងដែរ៕