បារាំង កត់ត្រាចំនួនអ្នកស្លាប់ប្រមាណ ១០០០នាក់ ដោយសារតែរលកកម្ដៅ

(ប៉ារីស)៖ ក្រុមមន្ត្រីសុខាភិបាលបារាំង បាននិយាយនៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ ថាមានមនុស្សប្រមាណ១០០០នាក់បានស្លាប់ដោយសារតែរលកកម្ដៅ ហើយនេះជាតួលេខ អ្នកស្លាប់ច្រើនជាងការរំពឹងទុក ខណៈរលកកម្ដៅកំពុងវាយប្រហារលើផ្នែកជាច្រើននៃតំបន់អឺរ៉ុបខាងលិចជាច្រើនថ្ងៃមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ទីភ្នាក់ងារសុខាភិបាលសាធារណៈបារាំង បានគូសបញ្ជាក់ថា «ចាប់តាំងពីថ្ងៃទី២៤ ខែមិថុនា មានមនុស្សប្រមាណ ១០០០នាក់ បានស្លាប់ (តួលេខបឋម) បានកើតមានបើធៀបទៅនឹងខែមុនៗ»។ ទីភ្នាក់ងារនេះដដែលបានឱ្យដឹងទៀតថាតំបន់ស្ថិតនៅក្រោមការប្រកាសអាសន្នពណ៌ក្រហមសម្រាប់រលកកម្ដៅ បានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ហើយ៨៥ភាគរយនៃអ្នកស្លាប់ គឺមានអាយុលើស៦៥ឆ្នាំ។

តាមទីភ្នាក់ងារសារព័ត៌មានសុខាភិបាលសាធារណៈបារាំង ការកើនឡើងចំនួនអ្នកស្លាប់មានជាប់ពាក់ព័ន្ធនឹងមនុស្សដែលបានស្លាប់ នៅក្នុងផ្ទះ ជាពិសេសក្នុងតំបន់ Ile-de-France រួមបញ្ចូលទាំងទីក្រុងប៉ារីស និងតំបន់ជាយរដ្ឋធានីមួយនេះ។ «ការណ៍នេះបានរំឮកពីភាពចាំបាច់សម្រាប់ការដាក់ចេញវិធានការគាំទ្រនានា និងបង្ហាញពីសាមគ្គីភាពចំពោះអ្នកដែលរស់នៅ តែម្នាក់ឯង ឬកំពុងប្រឈមមុខនឹងភាពឯកោ ក្នុងនោះរួមទាំងអ្នករស់នៅតាមតំបន់ទីក្រុងធំៗផងដែរ»។ នេះជាការបន្ថែមរបស់ ទីភ្នាក់ងារសុខាភិបាលសាធារណៈបារាំង។

គួរបញ្ជាក់ថា តាមទីភ្នាក់ងារសុខាភិបាលសាធារណៈបារាំង តួលេខអ្នកស្លាប់ខាងលើគឺជាតួលេខបឋមដែលចំនួនអ្នកស្លាប់អាចនឹងមានច្រើនជាងការរំពឹងទុក។ រលកកម្ដៅបានថយចុះបន្តិច នៅទូទាំងប្រទេសបារាំងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីសីតុណ្ហភាពបានហក់ឡើងខ្ពស់ជាង ៤០អង្សាសេក្នុងតំបន់ជាច្រើននៃប្រទេសបារាំងជាច្រើនថ្ងៃមកនេះ៕