ប្រធានស្ដីទីព្រឹទ្ធសភា ដឹកនាំប្រតិភូប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុនៅវត្ត «ចន្ទប្បជោត្តនារាម» ខេត្តកំពង់ឆ្នាំង និងនាំយកគ្រឿងចក្រ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ ប្រគល់ជូនវីរយុទ្ធជន

(កំពង់ឆ្នាំង)៖ លោក អ៊ុច បូររិទ្ធ ប្រធានស្ដីទីព្រឹទ្ធសភា និងលោកស្រី ជាតំណាងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមដំណើរដោយលោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងប្រធានគណៈកម្មការនៃព្រឹទ្ធសភា និងសហការី បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ ដែលជាទឹកចិត្តប្រកបដោយសទ្ធាជ្រះថ្លា ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្ត «ចន្ទប្បជោត្តនារាម» ហៅវត្តតាសុត ស្ថិតនៅភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោក និងប្រតិភូ ក៏បានធ្វើសមាទានសីល និងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន និងវីរកងទ័ពដែលបានបូជាជីវិត ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ប្រឆាំងនឹងសង្គ្រាមឈ្លានពាននាពេលកន្លងមក។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បាននាំយកអំណោយជាគ្រឿងចក្រសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ ប្រគល់ជូនកងកម្លាំងវីរយុទ្ធជនកម្ពុជា ដើម្បីរួមចំណែកសម្រួលដល់ការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមក្នុងការការពារជាតិមាតុភូមិ។

ថ្លែងក្នុងកម្មវិធី លោក អ៊ុច បូរិទ្ធ បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងការនឹករឭកពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះវីរកងទ័ពដ៏អង់អាចក្លាហាន ដែលកំពុងឈរជើងការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

លោកបានសង្កត់ធ្ងន់ថា៖ «ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ព្រះសង្ឃគ្រប់ព្រះអង្គ រួបរួមសាមគ្គីជាធ្លុងមួយ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងការការពារបូរណភាពទឹកដីមាតុភូមិកម្ពុជា ប្រឆាំងរាល់អំពើឈ្លានពាន និងប្រកាន់ខ្ជាប់នូវជំហរដោះស្រាយទំនាស់ដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន»

ជាការឆ្លើយតប និងតំណាងឱ្យកងកម្លាំងវីរយុទ្ធជន លោកវរសេនីយ៍ឯក ជូ អេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអំណោយដ៏ថ្លៃថ្លានេះ និងបានសម្ដែងនូវការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមឱ្យទទួលបានជោគជ័យ ក្នុងការការពារជាតិមាតុភូមិ៕