
(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុកដេប៉ាតឺម៉ង់ស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី នៃវិទ្យាស្ថានជាតិអប់រំ បានបញ្ជាក់ឲ្យដឹងថា សិស្សកម្ពុជាចំនួន១៣នាក់ ដែលចេញទៅប្រឡង នៅប្រទេសអង់គ្លេស គឺមានសមត្ថភាពប្រហាក់ប្រហែល ជាមួយនឹងសិស្សថ្នាក់អន្ដរជាតិ។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន ដឹកនាំសិស្សកម្ពុជាចំនួន១៣នាក់ ទៅចូលរួមការប្រកួតប្រជែង ក្នុងកម្មវិធី The Yuong Master Challenge Global Finals ២០២៦ នៅទីក្រុងឡុងដុន ប្រទេសអង់គ្លេស បានត្រឡប់មកកម្ពុជាវិញ នាល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦។
បើតាមលោកបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន, នីតិវិធីនៃការប្រឡងមានពីរប្រភេទគឺ១៖ ប្រឡងផ្ទាល់ជាបុគ្គល និង២៖ ប្រឡងជាក្រុម។

* ១៖ ប្រឡងផ្ទាល់ជាបុគ្គល សិស្សកម្ពុជាមានចំនួន១៣នាក់ចូលរួម ក្នុងចំណោម៣៣ប្រទេស។ លទ្ធផលទទួលបាន៖ មេដាយមាស៣នាក់ មេដាយប្រាក់ចំនួន៥នាក់ និងមេដាយសំរឹទ្ធចំនួន៥ នាក់។
* ២៖ ប្រឡងជាក្រុមសិស្សកម្ពុជា មានចំនួន៤ក្រុមចូលរួម។ លទ្ធផលទទួលបាន៖ ១ក្រុម ទទួលបានពានមាស ១ក្រុមទទួលបានពានប្រាក់ និង ១ក្រុមទទួលពានសំរឹទ្ធ។
លោកបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន បានបញ្ជាក់ថា «នេះជាលទ្ធផលគួរឲ្យមោទភាព ដែលឆ្លុះបញ្ចាំងថា សមត្ថភាពរបស់សិស្សកម្ពុជា មានសមត្ថភាពប្រហាក់ប្រហែល ជាមួយនឹងថ្នាក់អន្ដរជាតិ ដែលបានចូលរួមប្រកួតប្រជែង»។
បន្ថែមពីនោះទៀត លោកបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន បានឲ្យដឹងថា សិស្សកម្ពុជា បានឈានចូលដល់កម្រិតស្ដង់ដារអន្ដរជាតិ ក្នុងការគិត និងដោះស្រាយបញ្ហា ពីព្រោះថា ការប្រកួតប្រជែងនេះ ពេលខ្លះមិនមែនផ្ដោតតែ ទៅលើកម្មវិធីសិក្សានោះទេ គឺផ្ដោតលើការដោះស្រាយបញ្ហា។

ក្នុងនាមក្រសួងអប់រំ លោកបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន សង្កេតឃើញថា សមត្ថភាពរបស់សិស្សកម្ពុជា មានសមត្ថភាពមិនអន់ជាងសិស្ស នៃប្រទេសដទៃនោះទេ សំខាន់ត្រូវផ្ដល់ឱកាសឲ្យសិស្សយើង ឲ្យទទួលបានបរិយាកាសអប់រំល្អ ដូចជាសាលាជំនាន់ថ្មី។
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចូនសិស្សចំនួន១៣នាក់ ចូលរួមក្នុងកម្មវិធី The Young Master Challenge Global Final 2026 ដែលប្រព្រឹត្តទៅ នៅសាកលវិទ្យាល័យ Queen Mary ទីក្រុងឡុងដុន នៃចក្រភាពអង់គ្លេស ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦៕

































