តុលាការកំពូលអាមេរិក តម្កល់ទុកជាបានការសាលក្រមបង្គាប់ឱ្យលោក ត្រាំ សងជំងឺចិត្ត ៥លានដុល្លារ ក្នុងសំណុំរឿងបំពានផ្លូវភេទ

(វ៉ាស៊ីនតោន)៖ តុលាការកំពូលអាមេរិក នៅថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានទាត់ចោលការប្ដឹងទាស់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រឆាំងនឹងសាលក្រមមួយ ដែលបានវិនិច្ឆ័យថារូបលោកបានប្រព្រឹត្តទង្វើបំពានផ្លូវភេទ និងបរិហារកេរ្តិ៍លោកស្រី E Jean Carroll ហើយបង្គាប់ឱ្យបង់ប្រាក់សំណងជំងឺចិត្ត ៥លានដុល្លារទៅឱ្យលោកស្រី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការសម្រេចចិត្តរបស់តុលាការកំពូលអាមេរិក ធ្វើឡើងដោយការបដិសេធមិនធ្វើការពិចារណាឡើងវិញនោះទេ ដោយតម្កល់ទុកជាបានការសាលក្រមកន្លងទៅមក។ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ តុលាការរដ្ឋប្បវណីសហព័ន្ធមួយក្នុងសង្កាត់ Manhattan បានរកឃើញថាលោក ត្រាំ បានប្រព្រឹត្តទង្វើបំពានផ្លូវភេទលើអតីតអ្នកកាសែត លោកស្រី E Jean Carroll នៅក្នុងផ្សារទំនើបមួយកន្លែងក្នុងទីក្រុងញូវយ៉ក ក្នុងឆ្នាំ១៩៩៦។

លោក ត្រាំ បានរិះគន់យ៉ាងខ្លាំងលើការសម្រេចចិត្តរបស់តុលាការកំពូលអាមេរិក ដែលបដិសេធមិនពិចារណាឡើងវិញលើសាលក្រមរបស់តុលាការក្នុងសង្កាត់ Manhattan។ «គួរឱ្យភ្ញាក់ផ្អើល តុលាការកំពូលបានបដិសេធចោលការពិចារណាឡើងវិញលើសំណុំរឿងក្លែងក្លាយប្ដឹងប្រឆាំងរូបខ្ញុំដោយស្ត្រីម្នាក់ដែលខ្ញុំមិនធ្លាប់បានជួប…ខ្ញុំនឹងបន្តតស៊ូប្រឆាំង នឹងការប្រើប្រាស់ច្បាប់ជាអាវុធប្រឆាំងនឹងរូបខ្ញុំ»។ នេះជាការលើកឡើងរបស់លោក ត្រាំ។

គួរបញ្ជាក់ថា លោកស្រី E Jean Carroll ដែលឥលូវមានអាយុ ៨២ឆ្នាំ បានទម្លាយឱ្យដឹងក្នុងសៀវភៅមួយបោះពុម្ភផ្សាយក្នុងឆ្នាំ២០១៩ នូវអ្វីដែលលោកស្រីចាត់ទុកថាជា ការ​រំលោភ​សេធ​សន្ថវៈដែលត្រូវបានប្រព្រឹត្តឡើងកាលពីជាង ២៣ឆ្នាំមុនក្នុងបន្ទប់លសម្លៀកបំពាក់ក្នុងផ្សារទំនើបមួយ។ ប៉ុន្តែលោក ត្រាំ បានច្រានចោលការចោទប្រកាន់បែបនេះ ហើយចាត់ទុកលោកស្រីថាជាមនុស្សវិកលចរិត៕