ក្រសួងការងារ បើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ

(ភ្នំពេញ)៖ លោកស្រី សួស រដ្ឋាវី រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ដើម្បីពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពជាតិស្តីពី ការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ។

នាឱកាសនោះ លោកស្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈកម្មការប្រឆាំងពលកម្មកុមារ រាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការកាត់បន្ថយពលកម្មកុមារ ប្រឆាំងរាល់ទម្រង់នៃការកេងប្រវ័ញ្ចពលកម្មកុមារ និងកិច្ចខិតខំប្រឹងប្រែងឈានទៅការបញ្ចប់ពលកម្មកុមារ ស្របតាមគោលដៅអភិវឌ្ឍសកល និងផែនទីបង្ហាញផ្លូវអាស៊ានផងដែរ។

លោកស្រីគូសបញ្ជាក់ថា សមិទ្ធផល និងវឌ្ឍនភាពគួរឱ្យកត់សម្គាល់ទាំងអស់ គឺជាសក្ខីភាពបង្ហាញពីឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំ និងជំរុញការបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ។ ជោគជ័យទាំងនេះ ក៏ឆ្លុះបញ្ចាំងពីកិច្ចសហការយ៉ាងជិតស្និទ្ធ និងការចូលរួមប្រកបដោយការទទួលខុសត្រូវពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការរួមគ្នាសម្រេចបាននូវគោលដៅរួម គឺការបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅកម្ពុជា។ របាយការណ៍វឌ្ឍនភាពនេះ ក៏នឹងក្លាយជាមូលដ្ឋាននៃការពិចារណាក្នុងការសម្រេចចិត្ត រៀបចំយុទ្ធសាស្ត្រ ផែនការសកម្មភាព និងការបែងចែកធនធានសម្រាប់អនុវត្តបានចំគោលដៅ និងការផ្លាស់ប្តូរជាវិជ្ជមានក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានាផងដែរ។

ទន្ទឹមនឹងនេះ លោកស្រីបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយចក្ខុវិស័យច្បាស់លាស់ ក្នុងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ស្របតាមអនុសញ្ញាស្តីពីសិទ្ធិកុមារ អនុសញ្ញាស្នូលរបស់អង្គការអន្តរជាតិខាងការងារ (ILO) ក៏ដូចជាធានាធ្វើយ៉ាងណាឱ្យកុមារ ក្រុមគ្រួសារ និងសហគមន៍ទទួលបានគុណភាព និងគុណតម្លៃនៃការរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាព ស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋ។ រាជរដ្ឋាភិបាលនៅតែបន្តប្តេជ្ញាចិត្តក្នុងការពង្រឹងការអនុវត្តច្បាប់ការងារ គោលនយោបាយ «មិនអត់ឱនចំពោះពលកម្មកុមារ និងពលកម្មដោយបង្ខំ» លើកកម្ពស់ជំនាញ និងការងារសមរម្យសម្រាប់យុវជន សំដៅឈានទៅលុបបំបាត់ពលកម្មកុមារ ឱ្យធ្លាក់មកកម្រិតអប្បបរមា និងឆ្ពោះទៅរកអត្រាសូន្យ ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងការគោរពសិទ្ធិកុមារជាសកល៕