ទិន្នន័យផ្កាយរណប៖ អគារច្រើនជាង៥៨០០០ខ្នង ទំនងជាបានរងការខូចខាតឬបំផ្លាញទាំងស្រុង នៅវ៉េណេស៊ុយអេឡា

(វ៉ាស៉ីនតោន)៖ ការវាយតម្លៃបឋមពីទិន្នន័យផ្កាយរណប ចេញផ្សាយដោយទីភ្នាក់ងារអវកាសអាមេរិក ​NASA បានបង្ហាញថា គ្រោះរញ្ជួយដីកម្រិតធ្ងន់ ដែលបានវាយប្រហារប្រទេសវ៉េណេស៊ុយអេឡា កាលពីសប្តាហ៍មុន បានបង្កការខូចខាតឬបំផ្លាញ​អគារសរុបច្រើនជាង៥៨០០០ខ្នង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦។

អ្នកស្រាវជ្រាវ២រូបមកពីសាកលវិទ្យាល័យ Oregon State University បាននិយាយថា អគារសរុបប្រហែល៥៨៨៧០ខ្នង ទំនងជាបានរងការខូចខាតនិងបំផ្លាញទាំងស្រុង នៅទូទាំងតំបន់ដែលរងការប៉ះពាល់ ផ្អែកលើទិន្នន័យរ៉ាដាផ្កាយរណប ដែលប្រមូលបានកាលពីថ្ងៃទី២៥ ខែមិថុនា ពោលគឺមួយថ្ងៃបន្ទាប់ពីគ្រោះរញ្ជួយដី។ ការវាយតម្លៃរបស់ អ្នកស្រាវជ្រាវទាំងពីររូបនោះ គឺយោងទៅតាម​ទិន្នន័យមកពីផ្កាយរណប Sentinel-1 របស់ទីភ្នាក់ងារអវកាសអឺរ៉ុប ESA។ ប៉ុន្តែអ្នកទាំងពីរ បានគូសបញ្ជាក់ថា តួលេខនេះ គួរត្រឹមចាត់ទុកជាសូចនាករមួយ ហើយមិនទាន់ត្រូវបានផ្ទៀងផ្ទាត់នៅនឹងទីកន្លែងផ្ទាល់ទេ។

កាលពីថ្ងៃចន្ទ ប្រធានរដ្ឋសភាវ៉េណេស៊ុយអេឡា បានរាយការណ៍ថា អគារចំនួនត្រឹម៨៥៥ខ្នងប៉ុណ្ណោះ បានរងការខូចខាត ក្នុងនោះរាប់បញ្ចូលទាំង១៨៩ខ្នង ដែលបានដួលរលំទាំងស្រុង។ ដោយឡែក​ ទីភ្នាក់ងារអវកាសអាមេរិក NASA បាននិយាយថា ផ្កាយរណបរបស់ខ្លួន ក៏កំពុងផ្តល់ការគាំទ្រយ៉ាងសំខាន់ផងដែរ ដោយចាប់យករូបភាពនិងទិន្នន័យ ដើម្បីជួយដល់​ក្រុមការងារនៅលើដីផ្ទាល់ វាយតម្លៃទំហំនៃផលប៉ះពាល់ ហើយជួយនាំផ្លូវកិច្ចប្រឹងប្រែងឆ្លើយតប។

គួរបញ្ជាក់ថា មនុស្សលើស១៧០០នាក់ហើយ ត្រូវបានសម្លាប់ និងរាប់ពាន់នាក់នៅបន្តបាត់ខ្លួន ចាប់តាំងពីគ្រោះរញ្ជួយដី​កម្រិត៧​,២រ៉ិចទ័រ និង៧,៥រ៉ិចទ័រ ដែលជារញ្ជួយដីខ្លាំងបំផុត ដែលបានវាយប្រហារប្រទេសអាមេរិកឡាទីនមួយនេះ គិតក្នុងរយៈពេលជាងមួយសតវត្សរ៍៕