
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា តាមបណ្តាញសង្គម បានលើកឡើងថា វត្តមានកាន់តែច្រើននៃប្រទេសក្រីក្រ និងចំនួនប្រជាជនតិច ដែលលេចឡើងនៅក្នុង World Cup ឆ្នាំ២០២៦ ពេលនេះ បានបង្ហាញថា បាល់ទាត់មិនរើសអើងប្រទេសមានឬក្រ ឬប្រទេសមានប្រជាជនច្រើនឬតិចនោះទេ ដែលនេះវាជាភូមិសាស្ត្របាល់ទាត់ ខុសគ្នាទាំងស្រុងជាមួយភូមិសាស្ត្រនយោបាយ។
ខាងក្រោមនេះជាការលើកឡើងទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖
«ថ្ងៃមុនខ្ញុំបាននិយាយពី (បាល់មូល) ក្រោយការប្រកួតកន្លងមក និងយប់កន្លងទៅនេះ យើងគួរតែចាប់ផ្តើមនិយាយពី (ភូមិសាស្ត្របាល់ទាត់) ដែលវាខុសពីភូមិសាស្ត្រនយោបាយទាំងស្រុង។
ពេលមុនខ្ញុំតែងនិយាយថា លើពិភពលោកស្តង់ដារអន្តរជាតិ មានតែក្នុងវិស័យកីឡាមួយប៉ុណ្ណោះ។ ឆ្លងកាត់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦នេះ ខ្ញុំសង្កេត
ឃើញថា ភូមិសាស្ត្របាល់ទាត់កំពុងប្រែប្រួលយ៉ាងខ្លាំងតាមរយៈវត្តមាន ក្រុមកីឡាមកពីប្រទេសដែលមានប្រជាជនតិច និងជាប្រទេសកំពុងអភិវឌ្ឍ។
វត្តមានកាន់តែច្រើននៃប្រទេសក្រីក្រ និងចំនួនប្រជាជនតិចបានបង្ហាញថា បាល់ទាត់មិនរើសអើងប្រទេសមានឬក្រប្រទេសមានប្រជាជនច្រើនឬតិចនោះទេដែលនេះវាជា (ភូមិសាស្ត្របាល់ទាត់) ដែលនេះវាខុសគ្នាទាំងស្រុងជាមួយភូមិសាស្ត្រនយោបាយដែលពិភពលោកកំពុងជ្រួលច្របល់បាត់សណ្តាប់ធ្នាប់។
ក្រុមបាល់ទាត់មកពីប្រទេសក្រីក្រ បានជួយជូនដំណើរក្រុមកីឡាពី ប្រទេសអ្នកមានត្រឡប់ទៅប្រទេសវិញតាំងពីប្រកួតសន្សំពន្ទុរហូតដល់ ការប្រកួត៣២ក្រុម និងប្រសិនមិនអាច យកឈ្នះក៏ធ្វើឲ្យប្រទេសអ្នកមាន មានការព្រួយបារម្មណ៍ពេលក្រុម បាល់ទាត់មកពីក្រីក្រទាត់បញ្ចូលទីឡើងប៉ោងសំណាញ់។
យោងតាមការប្រែប្រួលនៃភូមិសាស្ត្រ បាល់ទាត់បែបនេះពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិចនិងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន។ ខ្ញុំមិនដឹងថានៅលើពិភពលោកនេះមានអ្នកធ្លាប់ប្រើពាក្យ (ភូមិសាស្ត្របាល់ទាត់) ហើយឬនៅទេប៉ុន្តែសម្រាប់ ខ្ញុំឱកាសត្បូង ត្បូងបាននិងកំពុងមកដល់ហើយសម្រាប់ប្រទេសកំពុង អភិវឌ្ឍទាំងអស់»៕

































