
ខេត្តក្រចេះ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តក្រចេះ។
យោងតាមលិខិតអញ្ជើញរបស់ ឯកឧត្តម នេត្រ ភក្ត្រា ប្រធានគណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានឱ្យដឹងថា ពិធីសំណេះសំណាលដ៏មានសារៈសំខាន់នេះ នឹងត្រូវរៀបចំឡើងនៅព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ វេលាម៉ោង ៦:០០នាទីព្រឹក នៅសាលប្រជុំ សណ្ឋាគារ ហាវ ប៊ូរី ដែលស្ថិតនៅក្នុងភូមិប្ញស្សី១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

នៅក្នុងពិធីនេះដែរ ថ្នាក់ដឹកនាំ សមាជិក សមាជិកានៃក្រុមការងារចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមទាំងលោកបណ្ឌិត ឌីម សុខន អនុប្រធានក្រុមការងារថ្នាក់ចុះមូលដ្ឋានស្រុកចិត្តបុរី ក៏ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍ដ៏គួរឱ្យកត់សម្គាល់នេះផងដែរ ដើម្បីទទួលស្តាប់ការណែនាំ និងពង្រឹងកិច្ចការងារអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕ដោយលោកបណ្ឌិត ឌីម សុខុន

































