
(ភ្នំពេញ)៖ វិទ្យាស្ថានជាតិការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបើកវគ្គបណ្តុះបណ្តាលសញ្ញាបត្រវិជ្ជាជីវៈអាជ្ញាកណ្តាលការងារ ជំនាន់ទី១ ចំនួន ៦០នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ដើម្បីជ្រើសរើសសមាជិកអាជ្ញាកណ្ដាលដែលអ្នកបន្តវេន បង្កើនចំនួនអាជ្ញាកណ្តាល និងការពង្រឹងសមត្ថភាព។
មន្រ្តីជំនាញរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា វិទ្យាស្ថានកំពុងផ្ដល់ឱកាសដ៏សំខាន់ដល់បងប្អូនគ្រប់មជ្ឈដ្ឋានដែលចង់ក្លាយជាសមាជិកក្រុមប្រឹក្សាអាជ្ញាកណ្ដាល ក្នុងការចូលរួមពង្រីកវិសាលភាពនៃការដោះស្រាយវិវាទការងាររបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
មន្រ្តីបានបញ្ជាក់ថា៖ «បច្ចុប្បន្ននេះ មានសមាជិកក្រុមប្រឹក្សាអាជ្ញាកណ្ដាលមានចំនួនត្រឹមតែ ៣០នាក់ប៉ុណ្ណោះ ដែលពួកគាត់មិនអាចទទួលរ៉ាប់រងនូវសំណុំរឿងដែលអាចនឹងមានច្រើនបានទេ ព្រោះក្នុងសំណុំរឿងមួយ ត្រូវការអាជ្ញាកណ្ដាលចំនួន ៣នាក់ ដើម្បីទទួលយកសំណុំរឿងមួយយកមកដោះស្រាយ។ លើសពីនេះ យើងត្រូវតែរៀបចំឱ្យមានការបន្តវេន ដើម្បីបង្កើនចំនួនអាជ្ញាកណ្តាលផង និងការពង្រឹងសមត្ថភាពផង ដែលចៀសវាងការកកស្ទះសំណុំរឿង ព្រោះតែការខ្វះអាជ្ញាកណ្ដាល»។

មន្រ្តីជំនាញរូបនេះបានបន្ថែមថា ការជូនដំណឹងនេះ គឺជាការបើកឱកាសឱ្យភាគីពាក់ព័ន្ធដែលមានបំណងក្លាយជាអាជ្ញាកណ្ដាល ឬអាចបំពេញគុណវុឌ្ឍិគ្រប់គ្រាន់ទៅតាមលក្ខខណ្ឌច្បាប់ ហើយពួកគាត់មានបទពិសោធទាក់ទងផ្លូវច្បាប់ក្នុងវិស័យការងារ។ ពួកគាត់គ្រាន់តែចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលតម្រង់ទិសជាមួយអ្នកជំនាញរបស់ក្រសួងការងារ ហើយអាចចូលរួមប្រឡងប្រជែងយកបេក្ខភាពជាអាជ្ញាកណ្ដាលនាពេលខាងមុខនេះ។
បើតាមវិទ្យាស្ថានជាតិការងារបានឱ្យដឹងថា បេក្ខជនដែលមានបំណងចុះឈ្មោះចូលរៀន ត្រូវបំពេញលក្ខខណ្ឌដូចជា ត្រូវមានសញ្ញាបត្របរិញ្ញាបត្រនីតិសាស្ត្រ ឬសញ្ញាបត្រសមមូល, មានបទពិសោធការងារពាក់ព័ន្ធវិស័យច្បាប់ ឬវិស័យការងារ ឬការដោះស្រាយវិវាទការងារ។
សម្រាប់ការចុះឈ្មោះចូលរៀននិងព័ត៌មានបន្ថែម បងប្អូនអាចទាក់ទងតាមរយៈលេខទូរស័ព្ទ(តេឡេក្រាម) ០១២ ៦៦២ ៧២៩/០៧៧ ៨៦៨ ៣៨៨/០១២ ៣៨៨ ៨៣២។ កាលបរិច្ឆេទទទួលពាក្យចុះឈ្មោះចូលរៀន ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦៕

































