(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរ៉ែ និងថាមពល និង ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) ដោយសហការជាមួយ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ធនាគារ ស៊ីអាយអិមប៊ី (CIMB Bank) និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB Bank) បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា។

លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជានៃ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានថ្លែងថា «មូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល គឺជាយន្តការប្រកបដោយនវានុវត្តន៍ថ្មីមួយបំពេញបន្ថែមទៅនឹងកំណែទម្រង់កំពុងបន្តដែលគាំទ្រដោយ ADB ដើម្បីពន្លឿនអន្តរកម្មថាមពលស្អាត និងលើកកម្ពស់ហិរញ្ញវត្ថុ ប្រកបដោយបរិយាបន្ន និងនិរន្តរភាព។ នេះគឺជាគំនិតផ្តួចផ្តើមដែលឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន ដែលសន្តិសុខថាមពល រងផលប៉ះពាល់ដោយជម្លោះនៅមជ្ឈិមបូព៌ាមកលើ។ តាមរយៈការជំរុញកិច្ចសហការរវាងវិស័យសាធារណៈ និងឯកជន គំនិតផ្តួចផ្តើមនេះមានគោលបំណងកៀរគរការវិនិយោគពីវិស័យឯកជនកាន់តែច្រើនលើប្រសិទ្ធភាពថាមពល ពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់អាជីវកម្ម និងត្រួសត្រាយផ្លូវសម្រាប់សេដ្ឋកិច្ចប្រកបដោយសមត្ថភាពប្រកួតប្រជែង កាបូនទាប និង ភាពធន់»។
EERF គឺជាយន្តការផ្តល់ហិរញ្ញប្បទានដែលត្រូវបានបង្កើតឡើងក្រោម កម្មវិធីអភិវឌ្ឍន៍វិស័យអន្តរកម្មថាមពលរបស់កម្ពុជា (Cambodia’s Energy Transition Sector Development Program) ហើយត្រូវបានរៀបចំឡើងដើម្បីជំរុញការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលដោយសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដែលតំណាងឱ្យក្រុមហ៊ុនជាង៩០% ដែលកំពុងមានប្រតិបត្តិការនៅក្នុងប្រទេស។
តាមរយៈការផ្តល់លទ្ធភាពទទួលបានហិរញ្ញប្បទានក្នុងលក្ខខណ្ឌអំណោយផលបន្ថែមទៀតជាមួយនឹងផលិតផលហិរញ្ញវត្ថុដែលបត់បែនបាន EERF នឹងផ្តល់លទ្ធភាពដល់សហគ្រាសធុនតូច និងមធ្យមក្នុងការវិនិយោគលើឧបករណ៍ និងការអនុវត្តទំនើបដែលសន្សំសំចៃថាមពល ដែលធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពប្រកួតប្រជែងរបស់ពួកគាត់តាមរយៈការកាត់បន្ថយថ្លៃថាមពល និងការពឹងផ្អែកលើប្រេងឥន្ធនៈដែលនាំចូល។

ជាមួយមូលធននីយកម្មបឋមចំនួន ២០ លានដុល្លារ ក្រោមការគ្រប់គ្រងដោយ ADB ដែលក្នុងនោះរួមមាន ១២ លានដុល្លារ ផ្តល់ដោយចក្រភពអង់គ្លេស តាមរយៈមូលនិធិហិរញ្ញវត្ថុបៃតងដើម្បីជំរុញសេដ្ឋកិច្ចអាស៊ាន (ACGF) និង ៨ លានដុល្លារ ដោយមូលនិធិអាកាសធាតុបៃតង (GCF) តាមរយៈកម្មវិធីស្តារសេដ្ឋកិច្ចបៃតង (GRP) នៃ ACGF មូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល នឹងគាំទ្រកម្ពុជា ក្នុងការសម្រេចគោលដៅគោលនយោបាយជាតិ ស្ដីពីប្រសិទ្ធភាពថាមពលក្នុងការកាត់បន្ថយ ការប្រើប្រាស់ថាមពល ១៩% បើធៀបនឹងកម្រិតអាជីវកម្មធម្មតា នៅឆ្នាំ២០៣០។
លោកបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការក្រសួងរ៉ែ និងថាមពល បានថ្លែងថា «ប្រសិទ្ធភាពថាមពល គឺជាថាមពលស្អាត និងមានតម្លៃសមរម្យបំផុត នៃអន្តរកម្មថាមពលរបស់កម្ពុជា ដោយផ្តល់នូវមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតមួយ ដើម្បីកាត់បន្ថយថ្លៃដើមថាមពល ពង្រឹងសន្តិសុខថាមពល និងកាត់បន្ថយការបំភាយឧស្ម័ន។ មូលនិធិបង្វិលសម្រាប់ ប្រសិទ្ធភាពថាមពល នឹងជួយប្រែក្លាយ គោលនយោបាយជាតិស្ដីពីប្រសិទ្ធភាពថាមពល ទៅជាសកម្មភាព ដោយពន្លឿនការវិនិយោគលើបច្ចេកវិទ្យាដែលសន្សំសំចៃថាមពល និងគាំទ្រដល់គោលដៅរបស់កម្ពុជាក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលឱ្យបាន ១៩% នៅឆ្នាំ២០៣០»។
មូលនិធិនេះ នឹងត្រូវបានអនុវត្តដោយធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ហើយសាជីវកម្មធានាឥណទានកម្ពុជា (CGCC) នឹងផ្តល់ការធានាឥណទានមួយផ្នែក ដែលគាំទ្រដោយជំនួយឥតសំណងពីមូលនិធិហិរញ្ញវត្ថុអាកាសធាតុអាស៊ីប៉ាស៊ីហ្វិក (ACliFF)។ ការធានានេះ នឹងត្រូវបានផ្តល់ជូនដល់ស្ថាប័នហិរញ្ញវត្ថុដែលចូលរួម ក្នុងរូបភាពជាផលិតផលហិរញ្ញវត្ថុជម្រើស ហើយមានគោលបំណងកាត់បន្ថយហានិភ័យនៃការផ្តល់ប្រាក់កម្ចី និងលើកទឹកចិត្តដល់កម្ចីដែលគ្នានទ្រព្យបញ្ចាំ ដែលនៅតែជាបញ្ហាប្រឈមដ៏ធំមួយនៃសហគ្រាសធុនតូច និងមធ្យមភាគច្រើននៅក្នុងប្រទេសកម្ពុជា ក្នុងការទទួលបានហិរញ្ញវត្ថុ។ EERF ក៏នឹងផ្តោតជាពិសេសលើសហគ្រាស ដែលគ្រប់គ្រងដោយស្ត្រី និងសហគ្រាសដែលដឹកនាំដោយស្ត្រី ដែលជារឿយៗប្រឈមមុខនឹងឧបសគ្គច្រើនក្នុងការខ្ចីប្រាក់ពីធនាគារ។
លោកបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល SME Bank បានថ្លែងថា «គម្រោងនេះ បន្តពីជោគជ័យនៃគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SME Co-Financing Scheme) ដែលបានដាក់ឱ្យដំណើរការដោយ SME Bank ក្នុងឆ្នាំ ២០២០ ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ គម្រោងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យសហគ្រាសធុនតូច និងមធ្យមដែលបានចុះបញ្ជី និងមិនបានចុះបញ្ជី ទទួលបានហិរញ្ញប្បទានក្នុងលក្ខខណ្ឌអំណោយផល និងលក្ខខណ្ឌដែលមានតម្លៃសមរម្យ»។
aលោកបន្ដថា «សម្រាប់ EERF យើងនិងធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នហិរញ្ញវត្ថុដែលចូលរួម ដើម្បីធានាបាននូវការចែកចាយមូលនិធិយ៉ាងឆាប់រហ័ស ដើម្បីបង្កើនល្បឿននៃការប្រើប្រាស់បច្ចេកវិទ្យាដែលសន្សំសំចៃថាមពលក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម។ យើងមានមោទនភាពក្នុងការគាំទ្រ ការវិនិយោគដែលបង្កើនប្រសិទ្ធភាពថាមពល និងជំរុញកំណើនរយៈពេលវែង»។
ធនាគារ ស៊ីអាយអិមប៊ី (CIMB Bank) និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB Bank) គឺជាស្ថាប័នហិរញ្ញវត្ថុដំបូងដែលចូលរួមជាមួយ EERF ហើយដែលធនធានរបស់ពួកគាត់នឹងត្រូវបានប្រើប្រាស់ដើម្បីពង្រីកប្រតិបត្តិការផ្តល់ប្រាក់កម្ចីបៃតង៕































