រដ្ឋបាលលោក ត្រាំ បញ្ជាក់ឡើងវិញថា ICC គ្មានយុត្តាធិការលើពលរដ្ឋអាមេរិកនោះទេ 

(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាថ្មីម្ដងទៀតបានថ្កោលទោសតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC​ ជាមួយការព្រមានថារាល់កិច្ចប្រឹងប្រែងណាមួយដើម្បីបញ្ជាក់ពីយុត្តាធិការ ឬការអនុវត្តអំណាចលើពលរដ្ឋអាមេរិកនឹងត្រូវបានចាត់ទុកជាការប្រមាថលើអធិបតេយ្យរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សេចក្ដីថ្លែងការណ៍មួយធ្វើឡើងនៅក្នុងលិខិតមួយច្បាប់ផ្ញើទៅកាន់ប្រធាន ICC​ លោកស្រី Tomoko Akane មិនមានភ្ជាប់ជាមួយការដាក់ទណ្ឌកម្មថ្មីអ្វីទេ ប៉ុន្តែនេះជាការវោហាសាស្ត្រចុងក្រោយបំផុតរបស់រដ្ឋបាលលោក ត្រាំ ប្រឆាំងនឹងតុលាការអន្តរជាតិមួយនេះ។ «ICC បានធ្វើសកម្មភាពនៅក្រោមទម្រង់មិនគោរពច្បាប់ និងខុសច្បាប់»។ នេះជាការគូសបញ្ជាក់របស់លោក Todd Blanche រដ្ឋមន្ត្រីយុត្តិធម៌ស្ដីទីរបស់សហរដ្ឋអាមេរិក ក្នុងលិខិតមួយច្បាប់ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ ប៉ុន្តែចុះកាលបរិច្ឆេទកាលពីថ្ងៃទី២៩ ខែមិថុនា។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកមិនមែនជារដ្ឋភាគីនៃសន្ធិសញ្ញាទីក្រុងរ៉ូម ដែលជាឯកសារបង្កើតតុលាការ ICC នោះទេ ដូច្នេះហើយសហរដ្ឋអាមេរិកតែងតែអះអាងជារឿយៗថាខ្លួនមិនស្ថិតនៅក្រោមយត្តាធិការ របស់តុលាការអន្តរជាតិមួយនេះនោះទេ។ ប៉ុន្តែក្រុមអ្នករិះគន់បានអះអាងថាសកម្មភាពរបស់សហរដ្ឋអាមេរិកដែលប្រព្រឹត្តឡើងនៅលើទឹកដីនៃរដ្ឋជាហត្ថលេខីនៃសន្ធិសញ្ញាទីក្រុងរ៉ូម អាចនឹងឱ្យ ICC ដំណើរការនីតិវិធីរបស់ខ្លួនបាន៕