(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ បាននិយាយថាទីក្រុងវ៉ាស៊ីនតោនគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសអាមេរិកបានបន្ថែមទៀតថា «ប្រជាជនប៉ាគីស្ថានបានរងការឈឺចាប់យ៉ាងសម្បើមដោយសារតែស្នាដៃរបស់ពួកភេរវករ»។ ការប្រកាសបែបនេះរបស់សហរដ្ឋអាមេរិកកើតមានឡើង បន្ទាប់ពីអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះបានឱ្យដឹងថាមានជនស៊ីវិលយ៉ាងហោច ២៨នាក់ ត្រូវបានសម្លាប់ និង៤៩នាក់រងរបួសក្នុងការវាយប្រហារតាមផ្លូវអាកាសពីសំណាក់ប៉ាគីស្ថានលើតំបន់ព្រំដែនជាប់ជាមួយអាហ្វហ្កានីស្ថាន។
រដ្ឋាភិបាលតាលីបង់នៅក្នុងសប្ដាហ៍នេះក៏បានអះអាងដែរថាពួកគេបានបើកការវាយប្រហារចូលទឹកដីប៉ាគីស្ថាន ខណៈអ៉ីស្លាម៉ាបាដបាននិយាយថាកងកម្លាំងរបស់ខ្លួនបានស្ទាក់ចាប់ និងបាញ់ទម្លាក់ដ្រូន៤គ្រឿង នៅក្នុងខេត្ត Balochistan។
គួរបញ្ជាក់ថា អាហ្វហ្កានីស្ថាន និងប៉ាគីស្ថានបានផ្ទុះជម្លោះប្រដាប់អាវុធនឹងគ្នាចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៦។ ប៉ាគីស្ថានបានចោទរដ្ឋាភិបាលតាលីបង់ថាបានផ្ដល់ទីជម្រកជ្រកកោនឱ្យពួកភេរវករដែលដឹកនាំការវាយប្រហារលើប៉ាគីស្ថាន។ តែតាលីបង់បានច្រានចោលការចោទប្រកាន់បែបនេះ៕
































