(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្ស Tesla នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសពីចំនួននៃការប្រគល់រថយន្ត ក្នុងត្រីមាសទី២ យ៉ាងច្រើនលើសលប់ ដែលបានបំបែកកំណត់ត្រាថ្មី និងវ៉ាដាច់ការរំពឹងទុករបស់ទីផ្សារ Wall Street យ៉ាងខ្លាំង។ លទ្ធផលដ៏លេចធ្លោនេះ គឺដោយសារតែការងើបឡើងវិញនៃតម្រូវការនៅលើទីផ្សារអឺរ៉ុប ដែលបានជួយប៉ះប៉ូវដល់ភាពទន់ខ្សោយនៃទីផ្សារអាមេរិកខាងជើង។

តួលេខដ៏រឹងមាំនេះបានបង្ហាញថា អាជីវកម្មស្នូលផ្នែករថយន្តរបស់ Tesla កំពុងតែដណ្តើមបានសន្ទុះខ្លាំងក្លាត្រឡប់មកវិញ បន្ទាប់ពីបានជួបប្រទះការធ្លាក់ចុះនៃការលក់ប្រចាំឆ្នាំអស់រយៈពេលពីរឆ្នាំជាប់គ្នាកន្លងមក។ វាក៏ជាកាតាលីករដ៏សំខាន់ក្នុងការផ្តល់កញ្ចប់ថវិកាគាំទ្រដល់មហិច្ឆតារបស់លោក Elon Musk ក្នុងការវិនិយោគលើប្រព័ន្ធបើកបរស្វ័យប្រវត្ត និងបញ្ញាសិប្បនិម្មិត (AI) ដែលជាកត្តាជម្រុញតម្លៃទីផ្សាររបស់ក្រុមហ៊ុនឲ្យឡើងដល់ប្រមាណ ១.៦ ទ្រីលានដុល្លារ (១.៦ លានលានដុល្លារ)។
នៅក្នុងត្រីមាសទី២ (ចន្លោះខែមេសា ដល់ខែមិថុនា) ឆ្នាំ២០២៦ នេះ ក្រុមហ៊ុន Tesla បានប្រគល់រថយន្តជូនអតិថិជនសរុបចំនួន ៤៨០,១២៦ គ្រឿង ដែលជាការកើនឡើងប្រមាណ ២៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងបានយកឈ្នះការប៉ាន់ស្មានជាមធ្យមរបស់ក្រុមអ្នកវិភា។ នៅក្នុងត្រីមាសដដែលនេះ Tesla ផលិតរថយន្តបានចំនួន ៤៥១,៧៥៨ គ្រឿង មានន័យថា ចំនួននៃការលក់ចេញមានច្រើនជាងការផលិតរហូតដល់ទៅជាង ២៨,០០០ គ្រឿង ដែលជួយឲ្យក្រុមហ៊ុនរំសាយរថយន្តដែលកកស្ទះនៅក្នុងឃ្លាំងកាលពីត្រីមាសទី១ បានយ៉ាងច្រើន។ លោក Seth Goldstein អ្នកវិភាគភាគហ៊ុនិកជាន់ខ្ពស់នៅ Morningstar បានមានប្រសាសន៍ថា៖ «ខ្ញុំគិតថាកំណើនដ៏ធំធេងនៅក្នុងតំបន់អឺរ៉ុប គឺជាក្បាលម៉ាស៊ីនរុញច្រានដ៏សំខាន់បំផុតសម្រាប់ Tesla នៅពេលនេះ។ ការលក់នៅសហរដ្ឋអាមេរិកហាក់ដូចជានៅតែបន្តធ្លាក់ចុះ ប៉ុន្តែវាមានអត្រាទាបជាងការធ្លាក់ចុះទូទៅនៃទីផ្សារ EV ក្នុងស្រុក ខណៈដែលទីផ្សារប្រទេសចិនកំពុងមើលឃើញកំណើនតិចតួច»។
យោងតាមរបាយការណ៍ ការងើបឡើងវិញរបស់ Tesla នៅក្នុងតំបន់អឺរ៉ុបត្រូវបានជំរុញដោយកត្តាជាច្រើនរួមមាន គោលនយោបាយលើកទឹកចិត្តពីរដ្ឋាភិបាលលើការប្រើប្រាស់រថយន្តអគ្គិសនី, ការប្តូរមកប្រើប្រាស់រថយន្តអគ្គិសនីលឿនជាងមុនរបស់បណ្តាក្រុមហ៊ុននានា, តម្លៃប្រេងឥន្ធនៈដែលហក់ឡើងខ្ពស់ និងការថយចុះនៃប្រតិកម្មប្រឆាំងរបស់អតិថិជនចំពោះសកម្មភាពនយោបាយរបស់លោក Elon Musk កាលពីឆ្នាំមុន។
ទោះបីជាយ៉ាងណាក៏ដោយ នៅលើទីផ្សារសកលលោក Tesla នៅតែត្រូវប្រឈមមុខនឹងការប្រកួតប្រជែងយ៉ាងស្វិតស្វាញពីក្រុមហ៊ុន BYD របស់ប្រទេសចិន ដែលទើបតែបានប្រកាសចំនួនប្រគល់រថយន្តអគ្គិសនីសុទ្ធ (BEV) របស់ខ្លួនរហូតដល់ទៅ ៥៥៧,០៩០ គ្រឿងក្នុងត្រីមាសទី២ នេះ ដែលធ្វើឲ្យ BYD បន្តគ្រងតំណែងជាស្តេចរថយន្តអគ្គិសនីពិភពលោក៕
































