ក្រសួងសុខាភិបាល ៖ អ្នកជាប់ឃុំក្នុងពន្ធនាគារខេត្តព្រះវិហារមិនមានជំងឺគ្រុនផ្ដាសាយធំ និងកូវីដ-១៩ទេ

ភ្នំពេញ ៖ អ្នកជាប់ឃុំនៅក្នុងពន្ធនាគារមួយក្នុងខេត្តព្រះវិហារ ដែលសង្ស័យកើតជំងឺគ្រុនផ្ដាសាយធំ ខណៈមន្ត្រីពាក់ព័ន្ធបានចុះស្រាវជ្រាវ និងពិនិត្យស្ថានភាពដោយក្រុមការងារឆ្លើយតបបន្ទាន់ ជាលទ្ធផល បង្ហាញថា មិនមានជំងឺផ្តាសាយធំនោះទេ ហើយក៏មិនមែនជាករណីកូវីដ-១៩ ដែរ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា កាលពីព្រឹកវេលាម៉ោង ០៧និង១៥នាទីនៃថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានទទួលព័ត៌មានអំពី មានហេតុការណ៍ករណីសង្ស័យជំងឺគ្រុនផ្ដាសាយធំជាច្រើននាក់ បានកើតឡើងលើក្រុមអ្នកកំពុងជាប់ក្នុងមណ្ឌលឃុំឃាំង នៃពន្ធនាគារខេត្តព្រះវិហារ ។ ភ្លាមៗនោះ ក្រោយពីការចុះស្រាវជ្រាវ និងពិនិត្យស្ថានភាពជំងឺ ដោយក្រុមការងារឆ្លើយតបបន្ទាន់ និងក្រុមគ្រូពេទ្យពិនិត្យព្យាបាលរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ តាមលក្ខណ:បច្ចេកទេស ដោយលទ្ធផលវិភាគវត្ថុសំណាកទទួលបានពីវិទ្យាស្ថានជាតិ ស្រាវជ្រាវសុខភាពសាធារណ: បានបង្ហាញថា អវិជ្ជមានវីរុសកូវីដ-១៩ និងមិនមែនជាករណីជំងឺផ្ដាសាយធំ (Influenza A) នោះដែរ៕