អាជ្ញាធរស្រុកឆែប ចុះបិទប្រកាសផ្អាកការដ្ឋានផ្ទះល្វែងខុសច្បាប់ជាផ្លូវការ ក្រោយម្ចាស់សំណង់រឹងរូសមិញព្រមចូលរួមសហការ

ខេត្តព្រះវិហារ៖ វិធានការក្តៅរបស់រដ្ឋបាលស្រុកឆែប បានឈានដល់ដំណាក់កាលអនុវត្តផ្ទាល់ហើយ ដោយនៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ នេះ អាជ្ញាធរស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះទៅបិទប្រកាសផ្អាកសកម្មភាពសំណង់ផ្ទះល្វែងមួយកន្លែងជាបណ្ដោះអាសន្ន ស្ថិតនៅក្នុងភូមិសែនជ័យ ឃុំឆែបមួយ បន្ទាប់ពីរកឃើញថា សំណង់នេះបានរំលោភបំពានលើចំណីផ្លូវសាធារណៈរបស់រដ្ឋ និងសាងសង់ដោយគ្មានលិខិតអនុញ្ញាត។
ទោះជាយ៉ាងណា ក្នុងកិច្ចប្រតិបត្តិការចុះបិទប្រកាសហាមឃាត់នេះ ភាគីម្ចាស់សំណង់មិនបានចូលខ្លួនមកសហការជាមួយអាជ្ញាធរ និងមន្ត្រីជំនាញឡើយ។
យោងតាមលិខិតផ្លូវការរបស់រដ្ឋបាលស្រុកឆែប លេខ ១៥៤/២៦ ល.ជ ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ដែលចុះហត្ថលេខាដោយ លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប បានឱ្យដឹងថា៖
ម្ចាស់ការដ្ឋានសំណង់៖ លោក ជួប ចិត្ត និងលោកស្រី អ៊ូច សុភី។
ទីតាំងសំណង់៖ ស្ថិតនៅលើដីឡូតិ៍លេខ ៣៣៣ ភូមិឆែបលិច (បច្ចុប្បន្នស្ថិតក្នុងភូមិសែនជ័យ) ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។


កំហុសឆ្គងបច្ចេកទេស និងបទល្មើសសំណង់ចំនួន ២ ចំណុចធំៗ ដែលក្រុមការងារបច្ចេកទេសចម្រុះរកឃើញ រួមមាន៖
១. ការសាងសង់រំលោភចូលចំណីផ្លូវសាធារណៈ៖ ដោយភាគីខាងកើតនៃសំណង់បានសាងសង់លូនចូលផ្លូវប្រហែល ៤,៥០ ម៉ែត្រ និងភាគីខាងលិចលូនចូលប្រហែល ៤,១៥ ម៉ែត្រ។
២. ការសាងសង់ខុសច្បាប់៖ ការដ្ឋានទាំងមូលកំពុងដំណើរការសាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ (ច្បាប់សាងសង់) ពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។
មូលដ្ឋានគតិយុទ្ធ៖ វិធានការផ្អាកនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើអនុក្រឹត្យលេខ ២២៤ អនក្រ.បក ស្តីពីលិខិតអនុញ្ញាតសាងសង់ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ និងប្រកាសអន្តរក្រសួងពាក់ព័ន្ធនានា ដើម្បីបង្គាប់ឱ្យម្ចាស់សំណង់ផ្អាករាល់សកម្មភាពសាងសង់ជាបន្ទាន់ រហូតទាល់តែមានដំណោះស្រាយផ្លូវច្បាប់។


រដ្ឋបាលស្រុកឆែប ក៏បានព្រមានធ្ងន់ៗផងដែរថា ក្នុងករណីដែលម្ចាស់សំណង់នៅតែបន្តសកម្មភាពសាងសង់ដោយរឹងរូស ឬមិនអនុវត្តតាមការណែនាំ អាជ្ញាធរនឹងចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ជាធរមានដោយគ្មានការលើកលែងឡើយ។
បច្ចុប្បន្ន លិខិតបង្គាប់នេះត្រូវបានផ្ញើជូនទៅកាន់ស្ថាប័នពាក់ព័ន្ធ រួមមាន រដ្ឋបាលខេត្តព្រះវិហារ, មន្ទីររៀបចំដែនដីខេត្ត, អធិការដ្ឋាននគរបាលស្រុកឆែប និងរដ្ឋបាលឃុំឆែបមួយ ដើម្បីចូលរួមសហការ តាមដាន និងអនុវត្តវិធានការនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕ដោយ សួន ពិសិត