អាជ្ញាធរស្រុកឆែប សម្រេចផ្អាកការដ្ឋានសំណង់ផ្ទះល្វែងមួយកន្លែងជាបណ្ដោះអាសន្ន ក្រោយរកឃើញថាសាងសង់គ្មានច្បាប់ និងរំលោភលើផ្លូវសាធារណៈជាង ៤ ម៉ែត្រ

ខេតព្រះវិហារ៖ រដ្ឋបាលស្រុកឆែប នៃខេត្តព្រះវិហារ បានសម្រេចចេញវិធានការក្តៅ ដោយបង្គាប់ឱ្យផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពសាងសង់ផ្ទះល្វែងមួយកន្លែង ស្ថិតនៅក្នុងភូមិសែនជ័យ ឃុំឆែបមួយ បន្ទាប់ពីក្រុមការងារបច្ចេកទេសចម្រុះបានរកឃើញថា សំណង់នោះបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើចំណីផ្លូវសាធារណៈ និងកំពុងដំណើរការដោយគ្មានលិខិតអនុញ្ញាតសាងសង់ស្របច្បាប់។
យោងតាមលិខិតផ្លូវការរបស់រដ្ឋបាលស្រុកឆែប លេខ ១៥៤/២៦ ល.ជ ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ដែលចុះហត្ថលេខាដោយលោក ឃិត សុធា រ៉ា អភិបាលស្រុកឆែប បានដឹងថា ម្ចាស់ការដ្ឋានសំណង់ផ្ទះល្វែងខាងលើ មានឈ្មោះ លោក ជួប ចិត្ត និងលោកស្រី អ៊ូច សុភី។ សំណង់នេះមានទីតាំងស្ថិតនៅលើដីឡូតិ៍លេខ ៣៣៣ ភូមិឆែបលិចឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។

នៅក្នុងលិខិតដដែលនោះ អាជ្ញាធរស្រុកបានគូសបញ្ជាក់ថា ផ្អែកលើលទ្ធផលនៃការចុះពិនិត្យផ្ទាល់ពីក្រុមការងារបច្ចេកទេសរបស់រដ្ឋបាលស្រុក និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះវិហារ បានរកឃើញកំហុសឆ្គងបច្ចេកទេស និងបទល្មើសសំណង់ចំនួន ២ ចំណុចធំៗ រួមមាន៖
១. ការសាងសង់សំណង់រំលោភចូលចំណីផ្លូវសាធារណៈ ដោយភាគីខាងកើតនៃសំណង់បានសាងសង់លូនចូលផ្លូវប្រហែល ៤,៥០ ម៉ែត្រ និងភាគីខាងលិចលូនចូលប្រហែល ៤,១៥ ម៉ែត្រ។
២. ការសាងសង់ខុសច្បាប់ ការដ្ឋានទាំងមូលកំពុងដំណើរការសាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ (ច្បាប់សាងសង់) ពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។


ដើម្បីធានាបាននូវការគោរពច្បាប់ នគរូបនីយកម្ម និងសណ្តាប់ធ្នាប់សាធារណៈ អាជ្ញាធរស្រុកឆែបបានផ្អែកលើមូលដ្ឋានគតិយុត្តសំខាន់ៗ រួមមាន អនុក្រឹត្យលេខ ២២៤ អនក្រ.បក ស្តីពីលិខិតអនុញ្ញាតសាងសង់ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ និងប្រកាសអន្តរក្រសួងពាក់ព័ន្ធនានា ដើម្បីចេញដីកាបង្គាប់ឱ្យម្ចាស់សំណង់ផ្អាករាល់សកម្មភាពសាងសង់ជាបន្ទាន់ ចាប់ពីថ្ងៃចេញលិខិតនេះតទៅ រហូតទាល់តែមានដំណោះស្រាយផ្លូវច្បាប់។
ទន្ទឹមនឹងនេះ រដ្ឋបាលស្រុកក៏បានព្រមានធ្ងន់ៗផងដែរថា ក្នុងករណីដែលម្ចាស់សំណង់ លោក ជួប ចិត្ត និងលោកស្រី អ៊ូច សុភី មិនអនុវត្តតាមការណែនាំ ឬនៅតែបន្តសកម្មភាពសាងសង់ដោយរឹងរូស អាជ្ញាធរស្រុកនឹងចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ។


គួរបញ្ជាក់ថា បច្ចុប្បន្ន លិខិតបង្គាប់នេះត្រូវបានផ្ញើជូនទៅកាន់ស្ថាប័នពាក់ព័ន្ធជាច្រើន រួមមាន រដ្ឋបាលខេត្តព្រះវិហារ មន្ទីររៀបចំដែនដីខេត្ត អធិការដ្ឋាននគរបាលស្រុកឆែប និងរដ្ឋបាលឃុំឆែបមួយ ដើម្បីចូលរួមសហការ និងតាមដានការអនុវត្តវិធានការនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕ដោយ សួន ពិសិត