ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ជម្រុញឲ្យមានការថែទាំសុខភាពកងកម្លាំង និងចុះសាកសួរសុខទុក្ខមន្ត្រីជាន់ទាបដល់គេហដ្ឋាន

ខេត្តកំពង់ធំ៖ ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាព និងអនាម័យរបស់កងកម្លាំងនគរបាលជាតិ ដែលជាកត្តាគន្លឹះក្នុងការធានាបាននូវប្រសិទ្ធភាពការងារ និងការបម្រើសេវាជូនប្រជាពលរដ្ឋ។ ការលើកកម្ពស់សុខភាពមន្ត្រីនេះ ត្រូវបានធ្វើឡើងស្របពេលដែលគណៈប្រតិភូតំណាងស្នងការខេត្ត បានចុះសាកសួរសុខទុក្ខមន្ត្រីនគរបាលស្ត្រីម្នាក់ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ។
នាព្រឹកថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសពិធីគោរពទង់ជាតិប្រចាំសប្តាហ៍ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានថ្លែងសារក្រើនរំលឹក និងជម្រុញយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងនគរបាលទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការថែទាំសុខភាពផ្ទាល់ខ្លួន និងការរស់នៅស្អាត មានអនាម័យ។


លោកស្នងការបានគូសបញ្ជាក់ថា៖
«សុខភាព និងអនាម័យ គឺជាគ្រឹះស្ថានដ៏សំខាន់មិនអាចខ្វះបានសម្រាប់កងកម្លាំង។ កងកម្លាំងដែលមានសុខភាពមាំមួន ទើបអាចបំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបម្រើប្រជាពលរដ្ឋបានល្អប្រសើរ។ ផ្ទុយទៅវិញ ការធ្វេសប្រហែសលើកត្តាអនាម័យ អាចងាយរងការវាយលុកពីជំងឺដង្កាត់ផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពការងារ និងជីវភាពគ្រួសារ»។
ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការខេត្ត លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរងផែនការងារធនធានមនុស្ស បានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខ និងនាំយកថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគ ទៅសាកសួរសុខទុក្ខ លោកស្រី វរសេនីយ៍ទោ ហ៊ុល សារ៉ន នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋាន ស្ថិតក្នុងភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។


សកម្មភាពមនុស្សធម៌ និងការយកចិត្តទុកដាក់នេះ មិនត្រឹមតែជាការលើកទឹកចិត្តដល់មន្ត្រីដែលកំពុងមានជំងឺប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសារអប់រំដ៏មានឥទ្ធិពលមួយ ផ្សព្វផ្សាយទៅកាន់កងកម្លាំងទាំងអស់ ឱ្យយល់ដឹងពីតម្លៃនៃការបង្ការ និងថែទាំសុខភាព តាមរយៈការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ជាពិសេសក្នុងបរិបទដែលប្រែប្រួលអាកាសធាតុ ដែលងាយបង្កជាជំងឺផ្សេងៗ។
គំរូនៃការដឹកនាំដែលផ្ដោតលើ សុខុមាលភាពបុគ្គលិក នេះ ត្រូវបានគេមើលឃើញថា ជាស្តង់ដារគ្រប់គ្រងធនធានមនុស្សដ៏ល្អមួយក្នុងការបង្កើនសាមគ្គីភាពផ្ទៃក្នុង និងពង្រឹងស្មារតីកងកម្លាំងនគរបាលជាតិឱ្យកាន់តែមានទំនុកចិត្តក្នុងការបំពេញបេសកកម្មជូនជាតិមាតុភូមិ៕ ដោយ សឿង សុទ្ធ