សេតវិមាន៖ លោក ត្រាំ នឹងជួបមេដឹកនាំអ៊ុយក្រែននិងស៉ីរី អំឡុងកិច្ចប្រជុំ NATO

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ សេតវិមានបានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងជួបជាមួយសមភាគីអ៊ុយក្រែននិងស៉ីរី អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូល NATO ក្នុងប្រទេសតួកគីយ៉េ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អ្នកនាំពាក្យរងសេតវិមាន លោកស្រី Anna Kelly បាននិយាយថា នៅថ្ងៃពុធសប្តាហ៍នេះ លោកប្រធានាធិបតី ត្រាំ នឹងចូលរួមជំនួបទ្វេភាគីជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងជាមួយប្រធានាធិបតីស៉ីរី លោក Ahmed al-Sharaa នៅក្រៅកិច្ចប្រជុំ NATO។

ជំនួបរបស់លោក ត្រាំ ជាមួយលោក ហ្សេលេនស្គី នៅទីក្រុងអង់ការ៉ា គឺស្របពេលកិច្ចប្រឹងប្រែងកំពុងត្រូវបានបង្កើនឡើងវិញ ដើម្បីស្វែងរកទីបញ្ចប់សម្រាប់សង្រ្គាមអូសបន្លាយ ដែលរុស្ស៉ីបានធ្វើប្រឆាំងអ៊ុយក្រែន កាលពីជាង៤ឆ្នាំមុន។ ក្រោយជួបលោក ហ្សេលេនស្គី លោក ត្រាំ ក៏ត្រូវបានរំពឹងថា នឹងសន្ទនាជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ផងដែរ។ លោក ត្រាំ និងលោក ហ្សលេនស្គី បានជួបគ្នាលើកចុងក្រោយបង្អស់ គឺអំឡុងកិច្ចប្រជុំកំពូល G7 នៅប្រទេសបារាំង កាលពីខែមិថុនា ហើយមេដឹកនាំទាំងពីរ បានឯកភាពគ្នាបង្កើនសម្ពាធលើរុស្ស៉ី។ ទាំងលោក ពូទីន និងលោក ហ្សេលេនស្គី ទើបតែបានសន្ទនាតាមទូរសព្ទ ជាមួយលោក ត្រាំ កាលពីថ្ងៃសៅរ៍ នាឱកាសខួបទី២៥០នៃបុណ្យឯករាជ្យរបស់សហរដ្ឋអាមេរិក

ដោយឡែក ជំនួបជាមួយប្រធានាធិបតីស៉ីរី លោក al-Sharaa គឺបន្ទាប់ពីលោក ត្រាំ បានលើកឡើងម្តងហើយម្តងទៀតថា ទីក្រុងដាម៉ាសអាចចូលពាក់ព័ន្ធផ្នែកយោធានៅឯប្រទេសលីបង់ ជាទីដែលអ៉ីស្រាអែលនិងក្រុមហេសបូឡា ស្ថិតក្នុងសង្រ្គាមជាមួយគ្នា។ ប៉ុន្តែលោក al-Sharaa ដែលត្រូវបានលោក ត្រាំ ទទួលស្វាគមន៍នៅសេតវិមាន កាលពីឆ្នាំ២០២៥ បានបដិសេធកាលពីខែមុនថា ប្រទេសរបស់លោកចង់ស្វែងរក កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយលីបង់ មិនមែនយោធានោះទេ៕