សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ ជាកត្តាសំខាន់ក្នុងការថែរក្សាផ្លូវឱ្យប្រើប្រាស់បានយូរ

(កំពង់ចាម)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសច្បាប់ស្តីពីការដឹកជញ្ជូនលើសទម្ងន់ ដើម្បីរួមគ្នាថែរក្សាផ្លូវថ្នល់ឱ្យមានគុណភាព និងប្រើប្រាស់បានយូរអង្វែង។

ការអំពាវនាវបែបនេះរបស់ សម្ដេចនាយករដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធផ្លូវជាតិលេខ៧ (ចាប់ពីរង្វង់មូលស្គន់-ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម) ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។

នាឱកាសនេះដែរ សម្ដេចធិបតី ​ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការថែទាំសម្រាប់ផ្លូវ ការជុសជុលថែទាំ គឺត្រូវធ្វើឲ្យជាប់ ហើយបញ្ហានេះមានច្រើន ហើយបានអនុវត្ដកន្លងទៅហើយ ប៉ុន្ដែចីរភាពយើងឡើងចុះ ឥឡូវត្រូវខិតខំឲ្យមានចីរភាពនៅក្នុងការគ្រប់គ្រងលើការដឹកជញ្ជូនលើសទម្ងន់នេះ។ ជាពិសេសក្រោយពីយើងធ្វើវិសោធនកម្មច្បាប់ដែលដំឡើងកម្រិត ដំទម្ងន់ជូនអ្នកដឹកជញ្ជូនហើយ សូមចូលរួម គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា»

សម្ដេចធិបតី បានថ្លែងថា ដើម្បីយើងថែទាំ ដើម្បីយើងថែរក្សាឲ្យបានយូរអង្វែង នៅសមិទ្ធផលរួមដើម្បីប្រើប្រាស់ជាគុណប្រយោជន៍ សម្រាប់ប្រជាជន និងសេដ្ឋកិច្ចមូលដ្ឋាន និងតាមបណ្តាលផ្លូវរបស់យើង ព្រោះនេះ គឺជាបញ្ហាសំខាន់ ព្រោះលុយមានកំណត់តម្រូវការមានច្រើន បើសិនជាយើងថែផ្លូវនេះ បានយូរថវិកាដែលត្រូវមកជុសជុលថែទាំ ឬមួយក៏ធ្វើឡើងវិញ យើងអាចទៅធ្វើស្ពានឆ្លងទឹកជូនប្រជាពលរដ្ឋ យើងអាចធ្វើផ្លូវបេតុង នៅតាមភូមិ ស្រុក ឬ ជុសជុល ផ្លូវកន្លែងផ្សេងទៀត។

ជាថ្មីម្ដងទៀត សម្ដេចធិបតី ក៏បានបញ្ជាក់ថា ប្រសិនបើមួយកន្លែងៗ យើងធ្វើហើយ ទី១៖ ស្តង់ដារគុណភាពនៃការធ្វើ ត្រូវស្តង់ដារថេរបានយូរ ហើយត្រូវធ្វើឲ្យតាមបទដ្ឋានស្តង់ដា និងទី២៖ ការថែទាំ និងការអនុវត្ដច្បាប់កុំឲ្យលើស ត្រូវរួមគ្នាថែទាំ ទាំងអស់គ្នាផង៕